adverise with khmeread Unnamed %283%29

ចោរថ្លើមធំ! ហ៊ាន​ផ្លោះ​របង​ចូល​ភូមិគ្រឹះអ្នកមានម្នាក់លួច​សម្ភារៈ​នៅខណ្ឌទួលគោក

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាក់ស្តែង​ពីបទ​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​សម្ភារៈ កាលពី​វេលា​ម៉ោង​១២​​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិគ្រឹះ​លេខ​២៩ ផ្លូវ​លេខ​៣៥៥ ក្រុមទី​២១ ភូមិ​៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ នួន សីហា ហៅ​សី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​លេខ​៣៣៧ កែង​ផ្លូវ​លេខ​៥២៨ សង្កាត់​បឹង កក់​ទី​១ ខណ្ឌទួលគោក និង​ទី​២-​ឈ្មោះ ឌី ចំរើន ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​លេខ​៣៣៧ កែង​ផ្លូវ​លេខ​៥២៨ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    ប៉ូលិស​បន្តថា វត្ថុតាង​ដែល​បាន​ចាប់យក​រួមមាន ក្បាល​ផ្កាឈូក​ចំនួន​៣, ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ចំនួន​០៣, ក្បាល​ក​ទីប​ឡា​បូ​ចំនួន​០២, ដៃ​ទ្វារ​ប្រអប់​ចំនួន​០២, កន្ទុយ​ម៉ាស៊ីនត្រជាក់​ម៉ាក Sharp មួយគ្រឿង​, ពូថៅ​ដង​ឈើ​០១, កូនកាំបិត​ចុង​ស្រួច​០១ និង​កា​ធុន​ទឹក​០១ ពណ៌​ក្រហម។​

    ប៉ូលិស​បន្តទៀតថា នៅ​ភូមិគ្រឹះ​ខាងលើ​បាន​ចាក់សោ​ដោយ​គ្មាន​អ្នក​នៅ​យាម​ទេ ហើយ​នៅវេលា​ម៉ោង​ប្រហែល​១២​ ​និង​៣០​នាទី​ក្រុម​ជនសង្ស័យ​បាន​ចូលទៅក្នុង​ភូមិគ្រឹះ​ខាងលើ ​ដោយ​បានធ្វើ​សកម្មភាព​គាស់​យក​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក និង​ម៉ាស៊ីនត្រជាក់ ពេលដែល​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្រជាពលរដ្ឋ​បានផ្តល់​ពត៌មាន​មក​ស​ម​ត្ថ​កិច្ច​ក៏​ចុះ​អន្តរាគមន៍​ភ្លាមៗ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​ចាប់យក​វត្ថុតាង​ជាក់ស្តែង​តែម្តង។ ប៉ូលិសមិនទាន់បានបញ្ចាក់ពីអត្តសញ្ញាណម្ចាស់ផ្ទះនៅឡើយ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕


 

adverise with khmeread

មតិយោបល់