adverise with khmeread 1

​ខ្សែការពារ Gabriel របួស​ច្រើន​សប្តាហ៍ ខណៈ Arsenal ត្រៀម​បើកឆាក​ទទួល Liverpool

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger ប្រឈមមុខ​នឹង​វិបត្តិ​របួស​ខ្សែការពារ​សំខាន់ៗ បន្ទាប់ពី​គាត់​បានប្រកាសថា Gabriel នឹង​នៅក្រៅ​ការប្រកួត​សម្រាប់​រយៈពេល​ប្រាំមួយ​ទៅ​ប្រាំបី​សប្តាហ៍​។​

​    ​ខ្សែការពារ​កណ្តាល​រូបនេះ​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ការប្រកួត​មិត្តភាព​ដែល​បញ្ចប់​ក្នុង​លទ្ធផល​ជ័យជម្នះ​ទៅលើ Manchester City របស់​កាំភ្លើង​ធំ ក្នុងប្រទេស​ស៊ុ​អែ​ត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ហើយ​បច្ចុប្បន្ន​គឺ​ត្រូវ​ត្រៀមខ្លួន​សម្រាក​ក្នុង​រយៈពេល​យូរ​មួយ​នៅក្រៅ​ការប្រកួត​។​

​    ​វា​គឺជា​បញ្ហា​របួស​ចុងក្រោយ​បំផុត​សម្រាប់ Wenger មុន​ឈានចូល​មកដល់​នៃ​រដូវ​កាល​ថ្មី និង​បន្សល់​ឱ្យ​គាត់​ជាមួយនឹង Calum Chambers និង​ខ្សែការពារ​ចំណូល​ថ្មី Rob Holding ក្នុងនាម​ជា​ខ្សែការពារ​កណ្តាល​ស្ថិតក្នុង​ជម្រើស​របស់គាត់​សម្រាប់​ការប្រកួត​បើកឆាក Premier League ជាមួយ​ហង្ស​ក្រហម Liverpool ប៉ុណ្ណោះ​។​

​    ​Arsenal នឹង​ប្រឈមមុខ​ជាមួយ Liverpool នៅលើ​ទឹកដី Emirates នា​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ ហើយ​ខណៈដែល Per Mertesacker និង Gabriel ជួ​បញ្ហា​របួស ហើយ Laurent Koscielny បាន​សម្រាក​ក្រោយ​ការឈាន​ចូលទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​កំពូល​អឺរ៉ុប Euro 2016 របស់​បារាំង មានតែ Chambers និង Holding ប៉ុណ្ណោះ គឺជា​កីឡាករ​ដែល​នៅ​ទំនេរ​សម្រាប់​ប្រព័ន្ធ​ការពារ​កណ្តាល​របស់ Wenger៕

adverise with khmeread

មតិយោបល់