Unnamed

ជំពាក់​លុយ​ពីរម៉ឺន​រៀល​មិន​សង​ យក​ដប​វាយ​ក្បាល​បែក​ហូរឈាម​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំងពេក​ដោយសារតែ​ឃើញ​អ្នក​ជំពាក់​លុយ​ដើរកាត់​ ហើយ​ទារ​មិន​សង​ហើយ​បាន​បោះពាក្យ​ឌឺដង​ដាក់ខ្លួន​ទៀត​ក៏បាន​យក​ដប​ស្រា​ដែល​កំពុងតែ​ផឹក​វាយ​ពីក្រោយ​ បណ្ដាលឱ្យ​បែកក្បាល​ឈាម​ហូរ​រងរបួស​ធ្ងន់​។

    អំពើហិង្សា​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គង់ គួ​ន ហៅ​គាំង អាយុ​២៤​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ចំណែកឯ​ជនបង្ក​ឈ្មោះ ដែ​ត ស៊ី​ង ហៅ​ស៊ី​​ង អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​បឹងកេត ឃុំ​ស្ទឹងត្រង់ ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​កំពុងតែ​អង្គុយ​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ​របស់គេ​ម្នាក់ទៀត​នៅ​កន្លែង​គាត់​ស្នាក់នៅ​។ ស្រាប់តែ​បន្តិចក្រោយមក​ជនរងគ្រោះ​បាន​ដើរកាត់​កន្លែង​ជនបង្ក​ផឹក​ស៊ី​ ហើយ​ដោយសារតែ​ជនរងគ្រោះ​ជំពាក់​លុយ​ជនបង្ក​ចំនួន​ពីរ​ម៉ឺន​រៀល​ហើយ​មិនទាន់​សង​។​

    ទើប​ថ្ងៃនេះ​ពេល​ជនរងគ្រោះ​ដើរកាត់​ក៏​ជនបង្ក​បាន​ស្រែក​សួរថា​"​លុយ​គេ​ពេលណា​ទើប​សង​វិញ​"​។ ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយថា​ពាក្យអសុរោះ​វិញ​ថា "​លុយ​ស្អី​គេ​ អាចម៍ក្ដ​អញ​"​។​

    រួច​ក៏បាន​ដើរចេញ​ទៅបាន​បន្តិច​ ក៏​ត្រូវ​ជនបង្ក​ទាញ​ដប​ស្រា​វី​ស្គី ​ដែល​ខ្លួន​កំពុងតែ​ផឹក​នោះ​យកទៅ​វាយ​ក្បាល​ពីក្រោយ​ជនរងគ្រោះ​ បណ្ដាលឱ្យ​រងរបួស​ធ្ងន់។ ក្រោយពេល​កើត​ហ​តុ​ជនរងគ្រោះ​ បានរ​ត់ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បីឱ្យ​កម្លាំង​ចុះទៅ​នាំខ្លួន​ជនបង្ក​យកមក​សាកសួរ​ហើយ​ភ្លាមៗ​។​

    ដោយសារតែ​ជនរងគ្រោះ​មាន​សភាព​ហូរឈាម​ច្រើនពេក​ក៏បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដេរ​មុខរបួស​សិន។ ក្រោយពេល​កើត​ហ​តុ​ជនបង្ក​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​ទៅតាម​នីតិវិធី៕

មតិយោបល់