adverise with khmeread 1

ចាប់បាន​ចោរ​ប្លន់​ដែលបាញ់ជនរងគ្រោះពីរគ្រាប់របួសធ្ងន់​ខណៈទៅ​​ដក​លុយ​នៅ​ទូ ​ATM

    ភ្នំពេញ ៖ សមាជិក​ចោរប្លន់​ម្នាក់​ក្នុងចំណោម​បក្ខពួកច្រើន​នាក់​ត្រូវបាន​កម្លាំង​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ចុះជួយ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ថ្ងៃទី​១១​ សីហា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០១​ និង​៣០​នាទី​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ព្រមទាំង​ដកហូត​ម៉ូតូ​ជនរងគ្រោះ​មកវិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ខាត់ សុ​ឃីម ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពីបទលួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​ហិង្សា​ប្លន់​បាញ់​យក​ម៉ូតូ​នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ដេលី ផ្លូវ​ព្រះ​ស៊ីហ​នុ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​កាល​ថ្ងៃទី​១០ ​សីហា​ ឆ្នាំ​២០១៦​ ​វេលា​ម៉ោង​១ ​និង​១៨​នាទី​កន្លងទៅនេះ។​

    ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C១២៥ ​ពណ៌​ខ្មៅ​ សេរី​២០១៦ ​គ្មាន​ស្លាក​លេខ​មាន​លេខ​តួ​.​ម៉ា​ស៊ី​ន ​9595407 ជា​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ ប៊ិន ថា​វ៉ា​ត់ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រ មាន​ទីលំនៅ​ផ្ទះជួល​ម្តុំត្រឡោកបែក ខណ្ឌទួលគោក ត្រូវ​រងរបួស​កំពុង​ព្យាបាល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ និង​តាម​ចាប់​បក្ខពួក​បន្តទៀត។

    គួររំលឹកថា យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ដេក​ដួល​ក្នុង​ថ្លុកឈាម ខណៈ​ដេញ​ពី​ដក​លុយ​ពី​ទូ​ ATM ក៏​ត្រូវបាន​ជនសង្ស័យ​២​នាក់​វាយ និង​បាញ់​ប្លន់​យក​ម៉ូតូ​ហុងដា​ស៊េរី​០១៦​បានសម្រេច ហើយ​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ៅ​ង​១​ និង​១៨​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​​កាហ្វេ​ដេលី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១១៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។​

    ជ​នរង​គ្រោះ​ឈ្មោះ ​ប៊ិន ថា​រ៉ា​ក់ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​សណ្ឋាគា​រ​វី​ស្នាក់ នៅ​ម្តុំ​ត្រឡោកបែក សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក  ត្រូវ​ពួកចោរ​បាញ់​ចំ​អ្លា​យ​លើ​ដោះ​ស្តាំ​ និង​ចំ​ភ្លៅ​ស្តាំ ព្យា​ល​បាល​នៅ​កាល់ម៉ែត។​

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ (​ស្លាក​លេខ​1645) បាន​ជិះ​មក​ឈប់​ម៉ូតូ​នៅ​ចំណុចកើតហេតុ​និង​ដើរ​ចូលទៅ​ដក​លុយ​ពី​ទូ​ ATM។​

    ខណៈពេល​ដក​លុយ​រួច​ដើរចេញ​មកវិញ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ដោយ​ទំនងជា​តាម​មក​តាំងពីណា​នោះទេ បាន​ដក​កាំភ្លើង​មក​វាយ​យុវជន​ម្នាក់​នោះ​បំណង​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមឱ្យ ទើប​មានការ​វាយ​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក។​

    ពេលនោះ​ជនសង្ស័យ​បាន​បាញ់​មកលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ ចំ​ស្មា និង​ជើង ចំណែក​១​គ្រាប់​ទៀត​បាញ់​មិន​ចេញ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ។​

    ប្រភព​បន្តថា ភ្លាមៗ​នោះ​ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះដែរ ប៉ុន្តែ​មិនមាន​នរណាម្នាក់​ហ៊ាន​ចូល​ជួយ​នោះទេ ដោយសារតែ​ជនសង្ស័យ​មាន​កាំភ្លើង​នៅក្នុង​ដៃ ហើយ​ពួកគេ​ក៏បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជាច្រើន​នាក់ បាន​ត្រឹម​មកឈរ​មើល​ជនរងគ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​សាមុយ​បានមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៕

adverise with khmeread

មតិយោបល់