adverise with khmeread 7

កីឡាការិនី​តំណាងឱ្យ​ប្រទេស​កម្ពុជា​ពីររូប​នឹងធ្វើ​ការប្រកួត​នៅ​ទីក្រុង​រី​យ៉ូ​នៅ​ថ្ងៃស្អែក​និង​នៅ​ថ្ងៃទី ១៤ ខាងមុខនេះ​

​    ​ប្រេ​ស៊ី​ល​៖ កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី ដែល​នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសា ហែល​សេរី ៥០​ម៉ែត្រ​នោះ នឹងត្រូវ​ប្រកួត នា​វេលា​ម៉ោង​១១​យប់ ម៉ោង​នៅ​កម្ពុជា នា​យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ និង​កីឡាការិនី​រត់​ម៉ា​រ៉ា​តុង លី ណា​រី ប្រកួត​យប់​ថ្ងៃទី​១៤​សីហា នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​លើក​ទី​៣១ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​អាច​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​។​

​    ​សម្រាប់​ប្រភេទ​កីឡាហែលទឹក​របស់​កម្ពុ​ជា​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម​លើក​នេះ គឺ​កម្ពុ​ជាមាន​២​វិញ្ញាសា​ដែល​ដាក់​ប្រកួត ហើយ​វិញ្ញាសា​បុរស​ហែល​សេរី ១០០​ម៉ែត្រ ដែល​ប្រកួត​ដោយ​កីឡាករ​កូន​កាន់​ខ្មែរ​-​អាមេរិក ពូ សុវិជ្ជា បាន​ធ្លាក់​ចេញ​តាំងពី​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​របស់ខ្លួន ដោយ​ធ្វើបាន​ត្រឹម ៥៥.៤៥ វិនាទី ពោលគឺ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​អត្ត​ព​លិ​ក Heat 2 ចំនួន​៨​រូប​។ ចំណែកឯ​កីឡាការិនី ហែម ថុ​ន វិ​ទិ​នី ដែល​នឹង​ប្រកួត​នៅ​យប់​ស្អែក​នេះ បាន​ប្រឹងប្រែង​ការហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​នៅ​ទីក្រុង​រី​យ៉ូ​តាំងពីដើម​ខែសីហា​មក​ម្លេះ ដើម្បី​ផ្សាំ​ទៅនឹង​អាកាសធាតុ និង​បង្កើន​សិទ្ធ​ផល​របស់ខ្លួន​ផងដែរ​។ ហែម​ថុ​ន វិ​ទិ​នី ធ្លាប់មាន​បទពិសោធន៍ និង​ធ្លាប់បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក អូឡាំពិក​ហ្គេម​នេះ កាលពី​ឆ្នាំ​២០១២ នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ម្តង​រួចទៅហើយ​។ ប៉ុន្តែ​អត្ត​ព​លិ​ក​របស់​កម្ពុជា​គ្រាន់តែ​បាន បង្កើន​នូវ​សិទ្ធ​តិចតួច​ប៉ុណ្ណោះ​។

​    ​លោក ហែម គី​រី អគ្គលេខាធិការ និង​ជា​គ្រូបង្វឹក​កីឡាហែលទឹក​របស់​កម្ពុ​ជា ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​រី​យ៉ូ​បាន​បញ្ជក់​នៅក្នុង​សារ​អេ​ឡិច​ត្រូ​និ​ច កាលពី​ម្សិលមិញ​ថា “​ជ័យជម្នះ​វា​មិនអាច​ទទួលបាន​ដោយ​ស្រួលៗ​នោះទេ ថ្ងៃនេះ​យើង​មិនទាន់​ទទួលបាន យើង​ត្រូវ​ខំប្រឹង​ដើម្បី​ទទួលបាន​ទៅ​ថ្ងៃមុខ​.... មិន​ចុះចាញ់​ដាច់ខាត​”​។​

​    ​ចំណែកឯ កីឡាការិនី​រត់ប្រណាំង​របស់​កម្ពុជា លី ណា​រី ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដែរ ដើម្បី​ចូល រួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០១៦​នេះដែរ​ពោលគឺ​នឹងត្រូវ​ប្រកួត​នា​ថ្ងៃទី​១៤ សីហា វេលា​ម៉ោង ១១​យប់ ម៉ោង​នៅ​កម្ពុជា​។

​    ​កីឡាការិនី​ជា​អណិកជន​ខ្មែរ​-​បារាំង​រូបនេះ ក៏​ជា​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​ដែរ ដែល​អ្នកស្រី​ធ្លាប់មាន​បទពិសោធន៍​ច្រើន​ដែរ ក្នុងការ​រ​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ និង​នៅ​កម្ពុជា​។ កីឡាការិនី លី ណា​រី ជា​កីឡាការិនី​រត់​ម៉ា​រ៉ា​តុង Full Marathon ៤២​គីឡូម៉ែត្រ ដែល​បាន​ខិត ខំ​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​ព្រមទាំង​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ មួយ​ជូន​ប្រទេសជាតិ​របស់ខ្លួន​។ កីឡាការិនី​រូបនេះ មាន​ប្រវត្តិ​រត់​រយៈ​ចម្ងាយ ៤២ គីឡូម៉ែត្រ​ដោយ​ប្រើ រយៈពេល​ជិត ៣​ម៉ោង ក្នុង​ព្រឹត្តិការណ៍ Full Marathon មួយ​នៅ​ក្រុង​ទីក្រុង Valencia ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ចុងឆ្នាំ​២០១៥ កន្លងទៅនេះ​ដោយបាន​បញ្ចប់​ក្នុង​ថិរៈវេលា ២​ម៉ោង ៥៩​នាទី និង ១២​វិនាទី ស្ថិតក្នុង​ចំណាត់​លេខ​២៥ ក្នុងចំណោម​កីឡាការិនី ១,៧៥០​នាក់​។ កាលពី​ឆ្នាំ​២០១០ កន្លងទៅ កីឡាការិនី រូបនេះ​ធ្លាប់​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​២ សម្រាប់​បេ​ក្ខ​នារី​ដែល​រត់​មាន​ល្បឿន​លឿន​ជាងគេ​នៅក្នុង​ចំណោម​បេ​ក្ខ​នារី​មកពី​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​៕​

adverise with khmeread

មតិយោបល់