adverise with khmeread 3

បឹងកេត​អង្គរ​ប្តេជ្ញា​លុត​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដើម្បី​លើក​ពាន​លី​គ​កំពូល​កម្ពុជា​រដូវ​កាល ២០១៦ នេះ​

​    ​ភ្នំពេញ​៖ ក្រុម​បឹងកេត​អង្គរ​អេ​ហ្វ​.​ស៊ី ដែល​កំពុង​ក្តោប​ក្តាប់​តំណែង​លើ​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយនឹង ៣៨​ពិន្ទុ​ក្នុង​ដៃ នាំមុខ​ក្រុម​ក្រសួងការពារជាតិ ១​ពិន្ទុ​ដែលមាន​៣៧​ពិន្ទុ​នោះ កំពុង​សម្រួច​គោលដៅ​ដ៏​សំខាន់​មួយ​ដោយ​ប្តេជ្ញា​ដណ្តើម​ជ័យជម្នះ​៣​ប្រកួត​ចុងក្រោយ ដើម្បី​រក្សា​ដំណែង​លើ​កំពូល​តារាង និង​ឈានទៅ​គ្រប់ គ្រង​ម្ចាស់​តំណែង​ជើងឯក​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៦ ដែល​នឹងត្រូវ​បញ្ចប់​នៅក្នុង​៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។​

​    ​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្លឹប​បឹងកេត​អង្គរ​បានប្រាប់ទូរទស្សន៍រស្មីហង្សមាសថា សម្រាប់​៣​ប្រកួត​ចុងក្រោយ​របស់​បឹងកេត​អង្គរ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន​, ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​គ្រូបង្វឹក​រូបនេះ​មិន​ខ្វល់ខ្វាយ​ពី​ក្រសួងការពារជាតិ​ដែល​ដេញ​ពិន្ទុ​តាម​ពីក្រោយ និង​កំពុង​ឡើង​ជើង​ខ្លាំង​សម្រាប់​រដូវ​កាល ២០១៦​នេះឡើយ​។ គ្រូបង្វឹក​រូបនេះ​បន្តថា លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុងការ​យកឈ្នះ​ការប្រកួត​ដែល​នៅសល់ ដោយ​សំអាង​ជ័យជម្នះ កាលពី​ជើង​ទី​១ ទៅលើ​ក្រុម​ទាំង​៣​នោះ​។ ទិសដៅ​របស់​បឹងកេត​ត្រូវតែ​ប្រជែង​យកពាន​ឲ្យ​បាន ក្នុង​ឆ្នាំ​២០១៦​នេះ​បើទោះបីជា​៣​ប្រកួត​ចុងក្រោយ​នេះ បឹងកេត​អង្គរ​សុទ្ធតែ​លេង​ជាមួយ​ក្រុម​ខ្លាំង​ក៏ដោយ​។​

​    ​លោក ប្រាក់ សុវណ្ណារ៉ា បាន​អះអាងថា បឹងកេត​អង្គរ​បានដាក់​គោលដៅ​៣​ប្រកួត​ចុងក្រោយ​នេះ គឺ​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​រក្សាខ្លួន នៅលើ​កំពូល​តារាង​ដដែល និង​គ្រង​ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំនេះ​តែម្តង​។ លោក​បន្ថែមថា សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​នេះ ដែល​នឹងត្រូវ​ប្រជែង​រក​៣​ពិន្ទុ​ជាមួយ ភ្នំពេញ ក្រោ​ន​នេះ កីឡាករ​នានា​ដែល​រងរបួស​កាលពី​ប្រកួត​ជាមួយ​ណាហ្គា​វើ​ល កាលពី​ប្រកួត​លើក​មុន​នោះ អាច​ប្រសើរ​ឡើងវិញ​ហើយ ដោយ​អាច​បន្ត​ការលេង​តាម​តំណែង​រៀងៗ​ខ្លួន គឺ​គ្មានអ្វី​ត្រូវ​ព្រួយបារម្ភ​ឡើយ​។​

​    ​សូមបញ្ជាក់ថា ១៥​ប្រកួត​របស់​បឹងកេត​អង្គរ ឈ្នះ ១២​ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៣៨​ពិន្ទុ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​បណ្តោះអាសន្ន ខណៈ​ក្រសួងការពារជាតិ​មាន​៣៧​ពិន្ទុ ដោយ​១៥​ប្រកួត ឈ្នះ​១២​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​២​ប្រកួត ដូច្នេះ​ការប្រកួត​របស់​បឹងកេត ប្រសិនបើ​ភ្លាត់​ចាញ់ ឬ​ស្មើ នឹង​អាច​បាត់បង់​ឱកាស​លើក​ពាន​រដូវ​កាល​នេះ​តែម្តង​។ កាលពី​រដូវ​កាល ២០១៥ កន្លងទៅ បឹង​កេង​ដណ្តើមបាន ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ខណៈ​ណាហ្គា​វើ​ល ជើងឯក​រង និង​ភ្នំពេញ​ក្រោ​ន ជា​ម្ចាស់​ជើងឯក​លី​គ​៕​

adverise with khmeread

មតិយោបល់