adverise with khmeread Hard to get

វិធី ៤ យ៉ាងនេះអាចធ្វើឲ្យបុរសៗរឹតតែចាប់អារម្មណ៍លើអ្នក

ការធ្វើពើជាមិនចាប់អារម្មណ៍នរណាម្នាក់ (ក្នុងបំណងឲ្យគេរឹតតែចាប់អារម្មណ៍មកលើខ្លួន) គឺទាមទារឲ្យមានការអនុវត្តជាមុន ទើបអាចធ្វើទៅរួច។ នារីៗមួយចំនួនចាប់អារម្មណ៍ខ្លាំងណាស់លើបុរសក្នុងចិត្តរបស់ខ្លួន តែដោយសារភាពខ្មាសអៀន នាងសុខចិត្តធ្វើពើជាមិនចាប់អារម្មណ៍ តែការធ្វើពើនេះគឺរឹតតែធ្វើឲ្យខាងបុរសចាប់អារម្មណ៍នាងទៅវិញទេ។ ខាងក្រោមនេះគឺជាគន្លឹះមានប្រយោជន៍មួយចំនួនអំពីរបៀបធ្វើពើជាមិនចាប់អារម្មណ៍លើនរណាម្នាក់ក្នុងបំណងឲ្យគេរឹតតែចាប់អារម្មណ៍លើខ្លួនកាន់តែខ្លាំង សម្រាប់អ្នកដែលមិនទាន់មានបទពិសោធន៍ ឬនៅមានស្ទើរនៅឡើយ។

១- កុំទាន់អាល់ឆ្លើយតបសារវិញភ្លាមៗ
ការឆ្លើយតបសារវិញភ្លាមៗបង្ហាញថាអ្នកមានការចាប់អារម្មណ៍លើគាត់ណាស់។ បុរសភាគច្រើនក៏មិនឆ្លើយតបសារវិញភ្លាមៗវិញដូចគ្នាដែរ ដូច្នេះការឆ្លើយតបវិញក្នុងពេលយ៉ាងឆាប់រហ័សបែបនេះនឹងមិនធ្វើឲ្យមានអ្វីផ្លាស់ប្តូរនោះទេចំពោះការឆ្លើយតបមកវិញរបស់គាត់។ ចំណាយពេលយូរក្នុងការឆ្លើយតបបង្ហាញថា អ្នកមានអ្វីៗផ្សេងទៀតត្រូវធ្វើ ហើយមិនមែនចេះតែទំនេរសម្រាប់គាត់នៅពេលដែលគាត់ត្រៀមខ្លួនជាស្រេចដើម្បីជជែកជាមួយអ្នកនោះទេ។ 

២- កុំទទួលយកការណាត់ជួបគ្នានៅនាទីចុងក្រោយ
ប្រសិនបើមនុស្សប្រុសម្នាក់នោះសុំអ្នកចេញដើរលេងក្រៅនៅថ្ងៃបន្ទាប់ ត្រូវធ្វើខ្លួនឲ្យរវល់ជានិច្ច។ អ្នកមិនចង់ឲ្យគេមើលមកឃើញថាអ្នកពុំមានគម្រោងការអ្វីផ្សេងត្រូវធ្វើនោះទេ។ កុំលុបចោលគម្រោងការ ដែលអ្នកបានគ្រោងធ្វើរួចហើយនោះឲ្យសោះ ប្រសិនបើគាត់សុំអ្នកឲ្យចេញដើរលេងនៅថ្ងៃដែលអ្នករវល់។ ប្រសិនបើគាត់ពិតជាចូលចិត្តអ្នកមែន គាត់នឹងសុំអ្នកដើរលេងម្តងទៀត ហើយលើកក្រោយសង្ឃឹមថាគាត់នឹងជូនដំណឹងឲ្យបានមុនទៅចុះ។ 

៣- ត្រូវមានភាពជឿជាក់
កុំ​ចាំឲ្យបុរសម្នាក់នោះផ្ដល់​​ទំនុក​ចិត្តឲ្យអ្នក​។ ប្រសិនបើអ្នកដាក់ខ្លួនឥតឈប់ ហើយរំពឹងបុរសម្នាក់នោះមើលឃើញថាអ្នកអស្ចារ្យយ៉ាងណានោះ គាត់ច្បាស់ជានឹងជជែកជាមួយអ្នកតែអំពីរឿងឥតបានការជាមិនខាន។ ប្រសិនបើអ្នកដឹងថាខ្លួនឯងអស្ចារ្យប៉ុនណាហើយនោះ (មិនមែនវាយឫកក្រអឺតក្រទមទេ) ត្រូវបង្ហាញវាចេញមកដើម្បីធ្វើឲ្យគាត់រឹតតែខំប្រឹងប្រែងដើម្បីទទួលបានការយកចិត្តទុកដាក់ពីអ្នក។ ទំនុកចិត្តគឺជាលក្ខណៈពិសេសដែលស៊ិចស៊ីខ្លាំងណាស់។ 

៤- កុំមួម៉ៅ
ប្រសិនបើបុរស ដែលអ្នកកំពុងព្យាយាមមិនអើពើនោះ មិនរវីរវល់នឹងអ្នកសោះ សូមកុំច្រឡោត។ អ្នកពុំមែនព្យាយាមឲ្យបុរសម្នាក់នោះមកលុតជង្គង់សុំស្នេហ៍អ្នកនោះទេ។ ប្រសិនបើអ្នកមួម៉ៅដាក់គាត់ ដោយសារតែគាត់មិនបាននឹកអ្នកឲ្យបានគ្រប់គ្រាន់ ឬផ្តល់ការចាប់អារម្មណ៍ចំពោះអ្នកឲ្យបានគ្រប់គ្រាន់ អ៊ីចឹងការធ្វើពើជាមិនចាប់អារម្មណ៍របស់អ្នកគឺត្រូវបានលាតត្រដាងឲ្យគាត់ដឹងហើយ។ អ្នកមិនចង់ឲ្យគេមើលឃើញច្បាស់ពេកពីការធ្វើពើជាមិនចាប់អារម្មណ៍របស់អ្នកនោះទេ។ ស្ត្រី ដែលមានស្នៀតធ្វើពើជាមិនចាប់អារម្មណ៍ពីធម្មជាតិ មិនចេះមួម៉ៅផ្តេសផ្តាសនោះទេ នៅពេលដែលបុរសនោះមិនឆ្លើយតបវិញតាមវិធីមួយជាក់លាក់។ 

ការធ្វើពើជាមិនចាប់អារម្មណ៍គឺជាល្បែងមួយ ប៉ុន្តែវាក៏មិនគួរធ្វើឲ្យខាតពេលវេលាទាំងអស់របស់អ្នកនោះដែរ។ ប្រសិនបើអ្នកចង់ធ្វើពើមិនចាប់អារម្មណ៍ អ៊ីចឹងត្រូវធ្វើវាឲ្យសម។ ធ្វើខ្លួនឲ្យរវល់មួយម៉ោងអីសិនទៅចាំទៅបើកមើលសារគាត់ផ្ញើមក។ កុំលើកទូរស័ព្ទគ្រប់ពេលដែលគាត់តេមកម្តងៗ។ ត្រូវចាំ មិនត្រូវធ្វើពើជាមិនចាប់អារម្មណ៍គ្រប់ពេលទាំងអស់នោះទេ។ អ្នកក៏ចង់ក្លាយជាមនុស្សស្រួលទាក់ទងដែរ។ វាគឺជាតុល្យភាពដ៏ល្អប្រសើរនៅពេលដែលអ្នកលេងល្បែងមួយនេះ៕

 

ប្រភព៖ វ៉ូមែនណាយលី

adverise with khmeread

មតិយោបល់