ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសក្បាលជាច្រើនកន្លែង ដោយសារតែរូបគេ និងបក្សពួក បានជិះម៉ូតូប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើក្រុមយុវជនប្រុសស្រីមួយក្រុមផ្សេងទៀត តែត្រូវក្រុមយុវជនប្រុសស្រី ដណ្តើមបានដាវកាប់ទៅវិញដេកក្នុងថ្លុកឈាម។
អំពើហិង្សាបែបអនាធិបតេយ្យនេះ កើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ សីហា ឆ្នាំ២០១៦ នៅចំណុចការ៉ាស់សាំងតេលា មុខសាលាវិទ្យាល័យហ៊ុនសែនជម្ពូវន័ ច្រកចូលផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិជម្ពូវន័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីយុវជនដែលគេដេញកាប់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាប្រុសស្រីសរុប៨នាក់ ជិះម៉ូតូ៤គ្រឿង ទើបចេញពីដើរលេងអង្គុយផឹកស៊ីនៅកោះពេជ្រ ហើយម៉ោងជាង១២យប់មុនពេលកើតហេតុ ក្រុមគេក៏បាននាំគេមកវិញបំណងទៅផ្ទះ។
ខណៈពេលជិះម៉ូតូតាមផ្លូវ គ្នីគ្នាជិះ២ម៉ូតូនៅខាងមុខ រីឯពួកខ្លួន២ម៉ូតូទៀតជិះតាមពីក្រោយ រហូតមកដល់មុខព្រលានយន្តហោះពោធិចិនតុង ក៏លេចមុខជនមួយក្រុមមានគ្នា៤នាក់ម៉ូតូ២គ្រឿងម៉ាក ហុងដាសេ១២៥ តាមមកពីក្រោយដេញពួកខ្លួន ឃើញដូច្នេះ ក៏មានការភ័យខ្លាចបានបន្ថែមល្បឿនម៉ូតូ រត់មកដល់ចំណុចមុខវិទ្យាល័យជម្ពូវ័នក៏ត្រូវ ក្រុម ដែលមានដាវដេញទាន់ ពួកគេទាំង២ម៉ូតូ បានបើកឆាកប្រយុទ្ធគ្នាតែម្តង។
ប្រភពពីជនរងគ្រោះបានបន្តទៀតថា ក្រុមដែលដេញកាប់ពួកខ្លួន បានកាប់ទៅលើម៉ូតូរបស់គេមួយគ្រឿងម៉ាក Zoomer -X ខូតខាតយ៉ាងមួយចំនួន ហើយបានរុញម៉ូតូរបស់គេទម្លាក់ចូលក្នុងប្រឡាយទឹកស្អុយទៀតផង។ ក្រោយមកពួកគេរកបានដំបងនៅជុំវិញកន្លែងកើតហេតុ ដេញប្រយុទ្ធទៅវិញទៅមក រហូតដណ្តើមបានដាវរបស់ជនបង្ករួចបានកាប់ទៅលើជនបង្កម្នាក់បណ្តាលឱ្យរបួសក្បាលជាច្រើនកន្លែងដេកដួលក្នុងថ្លុកឈាម។
ក្រុមជនបង្កឃើញដូច្នេះ ក៏បាននាំគ្នាជិះម៉ូតូរត់ក្រោយគ្នាគេចេញទៅបាត់។
ក្រោយពេលកើតហេតុ បានបន្តិចក៏ប្រទះនឹងកម្លាំងល្បាត ចូលទៅបង្ក្រាបនិងឃាត់បានបីនាក់ភ្លាមៗ។ ដោយឡែកបុរសដែលកាប់គេ ត្រូវគេកាប់វិញក្លាយជាជនរងគ្រោះនោះត្រូវបានគេស្គាល់ឈ្មោះ សៀង វិសិទ្ធ អាយុ២៥ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែកក្រុមជនរងគ្រោះតែឥឡូវក្លាយជាជនដៃដល់វិញហើយ នោះទីមួយ-ឈ្មោះ ណាក់ ណុប អាយុ២០ឆ្នាំ, ទី២-ឈ្មោះ វណ្ណ ដា អាយុ២៣ អ្នកទាំង២ នាក់ធ្វើការនៅហាង ស៊ុប ស៊ុន ហេងជម្ពូវ័ន ស្នាក់នៅកន្លែងធ្វើការ និងទី៣-ឈ្មោះ សឿន ចាន់ធឿនអាយុ ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនដេរ ស្នាក់ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ហើយសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿងម៉ាក Zoomer -X មួយគ្រឿងនិងម៉ាកស្សុយស៊ីគីស្មាស់ វីមួយគ្រឿង។
ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសបានឃាត់ខ្លួនយុវជនទាំង៣នាក់រួមនិងម៉ូតូ២គ្រឿងមកប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនមកជំនាញព្រហ្មទណ្ឌខណ្ឌធ្វើការចាត់ការបន្ត តាមនិតិវិធីច្បាប់៕
