adverise with khmeread Unnamed %281%29

ចោរ​ស្ទាវ​ព្រហើន​...​គាស់​ផ្ទះ​មន្ត្រី​រដ្ឋសភា​លួច​កាំភ្លើង​និង​ទ្រព្យសម្បត្តិ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ករណី​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ នៅ​ចំណុច​ផ្ទះ​លេខ​៥៩C ផ្លូវ​បេតុង ភូមិ​តាងៅ​ក្រោម សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​១០​ និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ យូ ចិ​ត្រា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌច្បារអំពៅ​។​

    ឯ​ជនរងគ្រោះ ភេទប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រី​រដ្ឋសភាជាតិ ស្នាក់នៅ​ផ្ទះកើតហេតុខាងលើ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០១៦ ម៉ោង​០៨​ និង​៣០​នាទី ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ​ត្រឹមត្រូវ (​ផ្ទះកើតហេតុ​) រួច​ចេញទៅ​ធ្វើការ។ រហូតដល់​ម៉ោង​១០ ​និង​៣០​នាទី ថ្ងៃ​ដដែល ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ C100 ​កូរ៉េ​ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ​(​ម៉ូតូ​ចាស់​) មក​ឈប់​នៅមុខ​ផ្ទះ រួច​យក​ម៉ា​ឡេ​ត​ធ្វើ​សកម្មភាព​គាស់​បង្អួច​កញ្ចក់​ផ្ទះ​ជនរងគ្រោះ ចូល​លួច​យក​ទ្រព្យសម្បត្តិ  រួមមាន ៖ អាវុធខ្លី​១​ដើម ម៉ាក​ប៉ា​រ៉ា​បូ​លីម លេខ​៩០០១១៥៥១, បង់​១, គ្រាប់​១១​គ្រាប់​, កាបូបដៃ​៥, ខ្សែក​កាឡៃ​មាន ដាំ​ត្បូង​៣​ខ្សែ​, នាឡិកាដៃ​៤​គ្រឿង, ​កាមេរ៉ា​ថតរូប ១​គ្រឿង ម៉ាក ​Sony ​ពណ៌​ទឹកប្រាក់ និង​ខ្សែ​កាស​ទូរស័ព្ទ​១ រួច​ជិះ​ម៉ូតូ​គេចខ្លួន។​

    ពេលនោះ​ក៏មាន​អ្នក ជិតខាង​ឃើញ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ខណ្ឌច្បារអំពៅ ចុះមក​ដល់​ដេញចាប់បាន​ជនសង្ស័យ រួម​និង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់