adverise with khmeread 1

ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​កម្តៅ​សាច់ដុំ​ចំនួន​៥​ប្រកួត​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup

​    ​ភ្នំពេញ ៖ ក្រោម​ការ​បង្វឹក​ពី​គ្រូ​បង្គោល​សញ្ជាតិ​កូរ៉េខាងត្បូង​, លោក លី ទែ​ហ៊ូ​ន ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​អន្តរជាតិ​ជាច្រើន​ប្រកួត និង​ហ្វឹកហាត់​នៅ​ប្រទេស​សឹង្ហ​បុរី​រយៈពេល​១០​ថ្ងៃ ដើម្បី​ត្រៀមខ្លួន​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​បឋម​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​តំបន់​អាស៊ាន AFF Suzuki Cup រដូវ​កាល ២០១៦​។​

​    ​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានឱ្យដឹងថា ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា​ខាងមុខនេះ គឺ​ក្រុម​កម្ពុជា​គ្រោង​នឹង​ទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​អន្តរជាតិ​ចំនួន​៥​ប្រកួត ដោយ​ក្នុងប្រទេស​១​ប្រកួត និង​ក្រៅប្រទេស​៤​ប្រកួត ក្នុងនោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង​នា​ថ្ងៃទី ១ ខែកញ្ញា មុនពេល​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ហុងកុង​វិញ នា​ថ្ងៃទី​៦ ខែកញ្ញា​។

​    ​ក្រៅពីនេះ​ក្រុម​កម្ពុជា​នឹងត្រូវ​បន្តដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​សឹង្ហ​បុរី រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០​ដល់​៣០ ខែកញ្ញា​។ នៅក្នុង​រយៈពេល​ហ្វឹកហាត់​នេះ កម្ពុជា​នឹងត្រូវ​ប្រកួត ជាមួយ​បណ្តា​ក្លឹប​ខ្លាំងៗ​ប្រចាំ​លី​គ​កំពូល​របស់​សឹង្ហ​បុរី​ចំនួន​៣​ប្រកួត​ផ្សេងទៀត​ផងដែរ​។​

​    ​សម្រាប់​ប្រកួត​មិត្តភាព និង​បន្ត​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​នេះ គឺ​ដើម្បី​សម្រួច​កម្រិត​បច្ចេកទេស របស់ខ្លួន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា​ខាងមុខនេះ​។ វគ្គ​ជម្រុះ​បឋម​នេះ គឺ​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រជែង​កៅអី​តែមួយ ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ នា​ថ្ងៃទី​១៥ តុលា​, ជាមួយ​ប្រ៊ុយណេ នៅ​ថ្ងៃទី​១៨ តុលា និង​ត្រូវ​ជួប​ទី​ម័​រ​ខាងកើត នា​ថ្ងៃទី​២១ ខែតុលា ដែលជា​ប្រកួត​ចុងក្រោយ​របស់​កម្ពុជា​។​

​    ​សូមបញ្ជាក់ថា ក្នុងចំណោម​៤​ប្រទេស​នេះ គេ​ជ្រើស​រើសយក​តែមួយ​ប្រទេស​ប៉ុណ្ណោះ សម្រាប់​ឡើង ទៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B ជាមួយនឹង​៣​ប្រទេស​ដែល​កំពុង​អង្គុយ​រង់ចាំ​ស្រាប់ រួមមាន​៖ ក្រុម​ជម្រើសជាតិ មី​យ៉ាន់​ម៉ា​, ម៉ាឡេស៊ី និង​វៀតណាម ខណៈ​ពូ​ល​A មាន​៤​ក្រុម​ដែរ រួមមាន​៖ ម្ចាស់​ការពារ​តំណែង​ជើងឯក ថៃ រដូវ​កាល​ចាស់​, ម្ចាស់ផ្ទះ​ហ្វីលីពីន​, សឹង្ហ​បុរី និង​ឥណ្ឌូនេស៊ី ដែល​រៀបចំ​ដោយ​សហ​ម្ចាស់ផ្ទះ ប្រទេស​ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា​៕​

adverise with khmeread

មតិយោបល់