adverise with khmeread 2

កីឡាករ​យានយន្ត​កម្ពុជា​បាន​ទៅដល់​ប្រទេស​ថៃ​ហើយ ខណៈ​ការប្រកួត Asia Cross Country Rally នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​

​    ​ថៃ​៖ កីឡាករ​យានយន្ត​កម្ពុជា ដែល​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​យានយន្ត​អន្តរជាតិ Asia Cross Country Rally ប្រចាំឆ្នាំ​២០១៦ បានចេញ​ដំណើរ​ពី​មាតុភូមិ​របស់ខ្លួន​តាម​ច្រកព្រំដែន​ខេត្តកោះកុង​ឆ្ពោះទៅកាន់​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​ហើយ​កាលពី​ម្សិលមិញ ដែល​ទីក្រុង​ប៉ា​តា​យ៉ា​នោះ​ជា​កន្លែង​ចេញដំណើរ​ប្រកួត​លើ​ចម្ងាយ​ផ្លូវ​២៤០០​គីឡូម៉ែត្រ​។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ និង​ប្រតិភូ​កីឡា​ក្នុង​បេសកកម្ម​អន្តរជាតិ​នេះ​បាន​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថា ក្រុមកីឡា​យានយន្ត​កម្ពុជា​បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ប្រណាំង និង​រថយន្ត​ផ្តល់​សេវា​ជួសជុល​របស់ខ្លួន បាន​ទៅដល់​កន្លែង​ប្រកួត​ប្រកបដោយ​សុវត្ថិភាព​ហើយៗ​ត្រៀម​នឹងត្រូវ​ប្រកួត​ពីថ្ងៃ​សៅរ៍​ស្អែក ទី​១៣ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ដោយ​ត្រូវ​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​មក​បញ្ចប់​ទី​នៅ​ខេត្ត សៀមរាប ប្រទេស​កម្ពុជា​។ កីឡាករ​យានយន្ត​កម្ពុជា ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ មាន​ចំនួន​៤​នាក់ គឺ​ពីរ​នាក់​ប្រកួត​លើ​ប្រភេទ​កីឡា​ប្រណាំង​ម៉ូតូ និង​ពីរ​នាក់​ទៀត​ប្រណាំង​រថយន្ត ដែល​អមដោយ​រថយន្ត​១​គ្រឿង​ផ្សេងទៀត សម្រាប់​ផ្តល់​សេវា​ជួសជុល​តាម​បណ្តា​ដងផ្លូវ​នានា នៅពេល​ខូចខាត ក្នុងអំឡុងពេល​ប្រកួត​។​

​    ​ព្រឹត្តិការណ៍ Asia Cross Country Rally នេះ​ប្រកួត​លើ​ចម្ងាយ​ផ្លូវ ២៤០០​គីឡូម៉ែត្រ ចេញដំណើរ​ពី​ប៉ា​តា​យ៉ា​ឆ្ពោះទៅ​ឈុន​បូរី មាន​ចម្ងាយ​២២០​គីឡូម៉ែត្រ ហើយពី​ឈុន​បូរី​មក​កោះកុង មាន​ចម្ងាយ​៨៥​គីឡូម៉ែត្រ ហើយ​បន្ត​ពី​ខេត្តកោះកុង​ទៅ​ខេត្ត​ព្រះសីហនុ ១៥០​គីឡូម៉ែត្រ ហើយ​បន្ត​ពី​ព្រះសីហនុ​មក​ភ្នំពេញ ១៤០​គីឡូម៉ែត្រ​រួច​បន្តដំណើរ​ការប្រកួត​ពី​ភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប ដែលជា​ចំណុច​បញ្ចប់​នៃ​ការប្រកួត​។ ដោយឡែក​សម្រាប់​ផ្នែក​ប្រណាំង​ម៉ូតូ​មាន​ចម្ងាយ​៨៣០​គីឡូម៉ែត្រ​។ ការប្រកួត​កីឡា​ប្រណាំង​រថយន្ត​នេះ ផ្នែក​ម៉ូតូ​មិនមាន​ការកំណត់​ទេ​កម្លាំង​ម៉ាស៊ីន​ឡើយ ខណៈ​ផ្នែក​រថយន្ត​មាន​៤​ប្រភេទ​កម្លាំង​ម៉ាស៊ីន សម្រាប់​ឲ្យ​ជ្រើសរើស​។​

​    ​ថ្លែង​នៅ​ក្នង​សន្និសីទ​សារពត៌មាន ថ្មីៗ​នេះ​, លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ផ្តល់​ការគាំទ្រ​ដល់​កីឡាករ​យានយន្ត​កម្ពុជា នៅពេល​ប្រកួត​ចូល​មកដល់​ទឹកដី​កម្ពុជា​ដោយ​នឹងត្រូវ​ឆ្លងកាត់​ខេត្ត​ជាច្រើន​នោះ​៕​

adverise with khmeread

មតិយោបល់