adverise with khmeread Unnamed %281%29

អាវុធហត្ថ​រាជធានី​ពេញ​សហការ​បង្ក្រាប​គ្រឿងញៀន​នៅ​ទួល​សង្កែ​ឃាត់ខ្លួនប្រុសស្រី​៩​នាក់​

    ភ្នំពេញ ៖ កម្លាំងចម្រុះ​របស់​អាវុធ​ហត្ថ​រាជធានី, ​ខណ្ឌដូនពេញ​ និង​ខណ្ឌឫស្សីកែវ​សហការ​ចុះបង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៩​នាក់​ក្នុងនោះ​មុខសញ្ញា​បទល្មើស​លួច​ម្នាក់  កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០១៦​ចំណុច​ទួល​តា​ស័ក្តិ​៥ ផ្លូវ​៧០ ភូមិ​ទួលគោក ក្រុម​៤​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​ពេញ​បានឱ្យដឹងថា ប្រតិបត្តិ​ការចាប់​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៩​នាក់​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមានម្សៅក្រាម​ស​ថ្លា ចំនួន៣​កញ្ចប់ ថ្នាំ​ពណ៌​ផ្កាឈូក​២​ចំណិត ម៉ូតូ​ចំនួន​០៥​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​ដោះចេញ ចំនួន​២ ក្នុងនោះ​ទី​១-​ស្លាក​លេខ​ភ្នំពេញ ​1BX-1399 និង​ទី​២-​ស្លាក​លេខ​ភ្នំពេញ ​1AV-5571 ព្រមទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​ពេញ​បាន​បន្តថា បន្ទាប់ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដូនពេញ​ បាន​ស៊ើប​ដឹង​យ៉ាងច្បាស់​ពី​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ​និង​ជា​មុខសញ្ញា​លួច​ម៉ូតូ​នោះ​ដែល​កំពុងតែ​លាក់ខ្លួន​ពួន​សម្ងំ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ទួល​សង្កែ​ទើប​កម្លាំង​ ខណ្ឌដូនពេញ ចុះ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ ​និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ចុះបង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​៩​នាក់​ក្នុងនោះ​ស្រី​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​,​ ម៉ូតូ​៥​គ្រឿង​ និង​ស្លាក​លេខ​ដោះចេញ​ចំនួន​២ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១២​ សីហា​នេះ។​

    គួររំលឹកថា ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដ៏​សកម្ម​ចំនួន​២៤​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​៨​ សីហា​ ឆ្នាំ​២០១៦​កន្លងទៅនេះ បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​សហការ​ចាប់ខ្លួន​ជា​បន្តបន្ទាប​នា​ល្ងាច​ថ្ងៃទី​០៤ និង​ទី៦ ​ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​B1 ផ្លូវ​រថ​ភ្លើ​ង និង​ក្រោយ​ស្ថានទូត​បារាំង​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាង​៣០០​កញ្ចប់​តូចធំ​រួចមក។​

    បើ​សរុប​ទាំង​លើក​នេះ កម្លាំង​អាវុធហត្ថ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​និង​លួចបាន​ចំនួន​៣៣​នាក់​​ និង​វត្ថុតាង​មួយចំនួនធំ  នៅក្នុង​សប្តាហ៍​នេះ៕


 

adverise with khmeread

មតិយោបល់