adverise with khmeread 0

មតិ​អ្នកជំនាញ​៖ ពូ​ទីន​នឹង​ចំណាយ​ជីវិត​ទ័ព ៦០.០០០ នាក់​ក្នុង​សមរភូមិ​លុកលុយ​អឺរ៉ុប ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង​

    ​នេះ​ជា​មតិ​របស់​អ្នកជំនាញ ដែល​ឃ្លាំមើល​វិបត្តិ​ក្នុង​តំបន់​គ្រី​មេ ជាទី​ដែល​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​កំពុង​ដឹកជញ្ជូន​រថក្រោះ និង ទ័ព​យ៉ាងច្រើន​ទៅកាន់​ទីនោះ​។ 

​    ​រុស្ស៊ី​ត្រូវបាន​ចោទប្រកាន់​រួចមកហើយ​ថា​បាន​យក​លេស​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន បន្ទាប់ពី​មានការ​បាញ់បោះ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន និង​តំបន់​គ្រី​មេ​នាពេល​ថ្មីៗ​នេះ​។ 

​    ​ហើយ​ប្រធានាធិបតី​អ៊ុន​ក្រែ​ន លោក ប៉េ​ត្រូ ផូ​រ៉ូ​សិន​កូ (Petro Poroshenko) បាន​ណែនាំ​ឱ្យ​អង្គភាព​យោធា​ទាំងអស់​នៅ​កៀក​តំបន់​គ្រី​មេ​ឱ្យ​ត្រៀមខ្លួន​ប្រយុទ្ធ​ក្នុង​កម្រិត​ខ្ពស់​។ 

​    ​យោងតាម​លោក Valentine Badrak ប្រធាន​មជ្ឈមណ្ឌល​យោធា CACD ក្នុង​ទីក្រុង​គៀវ​បាន​និយាយថា ឥឡូវ​ការផ្ទុះ​សង្គ្រាម​ពេញទំហឹង​ទំនង​នឹង​កើតឡើង​ជាជាង​អត់​កើត​។ 

​    ​លោក​បាន​ប្រាប់​វិទ្យុ Radio Liberty ថា "​ប្រសិនបើ​យើង​វាយតម្លៃ​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​គិត​ជា​ភាគរយ ឥឡូវ​វា​លើស ៥០ ភាគរយ​រួចទៅហើយ​"​។ 

​    ​លោក​និយាយថា ពេលវេលា​ធ្វើសង្គ្រាម​គឺ​ពិតជា​អំណោយផល​ណាស់ ព្រោះ​អាមេរិក​កំពុង​ផ្តោតលើ​ការបោះឆ្នោត ហើយ​ប្រទេស​សហភាព​អឺរ៉ុប (EU) ជាច្រើន​កំពុង​ស្វែងរក​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​។ 

​    ​លោក​និយាយថា នៅពេល​និយាយ​ដល់​សង្គ្រាម វា​អាច​នឹង​ឆក់យក​ជីវិត​ទាហាន​រុស្ស៊ី ៦០.០០០ នាក់ និង​អ៊ុយ​ក្រែ​ន ១៥.០០០ នាក់​។ 

​    ​អ្នកជំនាញ​រូបនេះ​និយាយថា "​យើង​ព្យាករណ៍​ឃើញ​កម្រិត​នៃ​ចំនួន​ទាហាន​រុស្ស៊ី​ស្លាប់​គឺ​ពី ៥០.០០០ ទៅ ៦០.០០០ នាក់​។ បើ​ធ្វើសង្គ្រាម​បែបនេះ យោធា​និង​មន្ត្រី​អ៊ុយ​ក្រែ​ន ១៥.០០០ នាក់​នឹងត្រូវ​ស្លាប់​ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​"​។ 

​     ទោះយ៉ាងណា លោក​និយាយថា ចេតនា​របស់​លោកពូ​ទីន​ក្នុងការ​វាយប្រហារ​នេះ​អាច​មិនមែន​ដើម្បី​ទឹកដី​ទេ ប៉ុន្តែ​ផ្ទុយ​មកវិញ​អាច​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ប្រឆាំង​រុស្ស៊ី​ក្នុង​ទីក្រុង​គៀវ​។ 

​    ​លោក​និយាយថា "​ប្រសិនបើ​លោក (​ពូ​ទីន​) អាច​បង្ខំ​អ៊ុយ​ក្រែ​ន​ឱ្យ​រៀបចំ​ការបោះឆ្នោត​ក្នុង​តំបន់​ដែល​បាន​កាន់កាប់ បន្ទាប់មក​នោះ​ភាព​តានតឹង​នឹង​ថយចុះ​វិញ តាមរយៈ​ការឡោមព័ទ្ធ​និង​ការអនុវត្ត​វិធាន​ការដែល​បាន​ត្រៀម​ជាស្រេច​នានា​របស់លោក​"​។​

​    ​ណា​តូ​បាន​ព្រមាន​រុស្ស៊ី​ឱ្យ​ដកថយ​វិញ ដោយ​និយាយថា ពួកគេ​គ្មាន​ភស្តុតាង​បង្ហាញថា ការផ្ទុះអាវុធ​ដ៏​ហិង្សា​ថ្មីៗ​នេះ​នៅ​តំបន់​គ្រី​មេ​ជាការ​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ​នោះទេ​។ 

​    ​អ្នកនាំពាក្យ​ណា​តូ​ម្នាក់​និយាយថា "​យើង​អំពាវនាវ​ឱ្យ​រុស្ស៊ី​ធ្វើការ​ដើម្បី​ភាពស្ងប់ស្ងាត់ និង​បន្ថយ​ភាព​តានតឹង​។ យើង​ក៏​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​ខ្លាំង​នូវ​អំពើហិង្សា​ក្នុង​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត និង ការកើនឡើង​ការបំពាន​បទ​ឈប់​បាញ់​នៅក្នុង​កិច្ចសន្យា ជាពិសេស​ដោយ​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​"​។ 

​    ​រុស្ស៊ី​បាន​កាត់​យក​តំបន់​គ្រី​មេ​ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ និង​ត្រូវបាន​ចោទប្រកាន់ថា​បាន​គាំទ្រ​ក្រុម​ផ្តាច់ខ្លួន​នៅ​ផ្នែក​ជាច្រើន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់