បុរសម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីជជែករកហេតុផលជាមួយមិត្តរបស់ខ្លួនម្នាក់ជុំវិញរឿងថាតើ Lionel Messi ឬ Cristiano Ronaldo មួយណាជាតារាបាល់ទាត់ឆ្នើមជាងគេនៅក្នុងពិភពលោក។ នេះបើតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃសុក្រ។
បុរសសញ្ជាតិនីហ្សេរីយ៉ា Michael Chukwuma វ័យ ២១ឆ្នាំ បានចាក់សម្លាប់មិត្តរួមសញ្ជាតិវ័យ ៣៤ឆ្នាំរបស់ខ្លួន Obina Durumchukwu នៅជាយក្រុងមុំបៃ។ នេះផ្អែកទៅលើសម្តីរបស់មន្ត្រីប៉ូលិសឥណ្ឌា។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីពួកគេបានប្រារព្ធពិធីជប់លៀងមួយ។
អធិការប៉ូលិសម្នាក់បាននិយាយថា "ពួកគេបានជជែកគ្នាពីកីឡាករបាល់ទាត់។ ម្នាក់ជាប្រិយមិត្តរបស់ Messi និងម្នាក់ទៀត Ronaldo "។
ប៉ូលិសបានបន្ថែមថា "អំឡុងការសន្ទនា ការឈ្លោះប្រកែកគ្នាមួយបានកើតឡើង។ ជនរងគ្រោះដែលស្លាប់បានគប់កែវមួយទៅលើមុខរបស់ជនជាប់ចោទ។ កែវបានបែក ហើយបណ្តាលឱ្យមានរបួសតិចតួច។ បន្ទាប់ពីនោះជនជាប់ចោទបានចាប់យកអំបែងកែវចាក់ទៅលើជនរងគ្រោះរហូតដល់ស្លាប់"។
ហេតុការណ៍វាយប្រហារគ្នានេះកើតឡើងនៅពេលជនរងគ្រោះអះអាងថា Ronaldo ល្អជាង Messi។
តារាបាល់ទាត់អន្តរជាតិអាហ្សង់ទីន Messi វ័យ២៨ឆ្នាំ គឺជាម្ចាស់ពានតារាបាល់ទាត់ឆ្នើមរបស់ពិភពលោកប្រាំសម័យកាល ខណៈដែលប្រធានក្រុមព័រទុយហ្គាល់ Ronaldo វ័យ៣១ឆ្នាំ ក៏បានឈ្នះពានមួយនេះចំនួនបីលើកផងដែរ៕
