adverise with khmeread 1

ចាប់​មនុស្ស​៨​នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ និង​គ្រឿងញៀន​បុរស​ម្នាក់ស្លាប់នៅអាង​ក្រពើក្នុងសៀមរាប​

    សៀមរាប​ ៖ ក្រោយពី​មាន ករណី​បុរស​ម្នាក់ស្លាប់​ដោយ​សង្ស័យ​អំពើឃាតកម្ម នៅអាង​ក្រពើ ស្ទឹង​សៀមរាប កាលពី​ថ្ងៃទី​១១​ សីហា​ ឆ្នាំ​២០១៦ ​ប៉ូលិស​ចម្រុះ​របស់ ស្នងការ​ប៉ូលិស​ខេត្តសៀមរាប បាន​ចាប់ខ្លួន ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ មេខ្លោង​២​នាក់ ក្នុងនោះ​មាន ស្ត្រី​ម្នាក់​ផងដែរ​នា​ថ្ងៃទី​១២​ សីហា ​ឆ្នាំ​២០១៦។ 

    ប៉ូលិស​បាន​ឱ្យ​ដឹងថា ក្រោយពី​ប៉ូលិស​បាន ធ្វើ​កោសល្យវិច័យលើ​សព​ឃើញ ថា​សព​មានសញ្ញាណ​លង់ ទឹក​ស្លាប់​ច្រើន ជាង​អំពើឃាតកម្ម ព្រោះ​លើ​ដង ខ្លួន​សព​ពុំមាន ស្លាកស្នាមអ្វី​ទាំងអស់ ប៉ុន្តែ​មូលហេតុ​នៃ​ការស្លាប់​មិន​ច្បាស់លាស់​។​

    ប៉ូលិស​បន្តថា បន្ទាប់ពីមាន​ហេតុការណ៍​នេះកើតឡើង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊​ត ណា​ឌី ស្នងការ​ប៉ូលិស​ខេត្តសៀមរាប,​ ​លោក​វរៈសេនីយ៍ឯក​ ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួលបន្ទុក​កណ្តាល ការិយាល័យ​ព្រហ្មទណ្ឌ បានដាក់​ចេញ​នូវ ផែនការស៊ើបអង្កេត ស្វែងរក​មូលហេតុ​ពិត​នៅ ក្រោយ​ការស្លាប់ របស់​ជនរងគ្រោះ​ឱ្យបានឃើញច្បាស់​លាស់​។​

    លោក​អធិការរង​ក្រុង​សៀមរាប បាន​ដឹកនាំ​កម្លាំង​ចុះ​បើក​ការស៊ើបអង្កេត រក​មូលហេតុជុំវិញ​ករណី​ស្លាប់របស់​ជនរងគ្រោះ ខាងលើ​ភ្លាមៗ​ផងដែរ។ ជា​លទ្ធផល​នៃ​ស្រាវជ្រាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជា​មេក្លោង​ចំនួន​២​នាក់ ជា​បន្តបន្ទាប់ពាក់​ព​ន្ធ័ ករណី​ហិង្សាមាន​ស្ថាន​ទម្ងន់ទោស​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ អ៊ុន ភា​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ក្នុង​អង្គការ កល្យាណមិត្ត ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប រៀប​គំរោង វាយ​សងសឹក ទៅលើ​ក្រុម ជនរងគ្រោះ និង​ជនសង្ស័យ ទី​២-​ឈ្មោះ លាប នឹង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​-ខេត្តសៀមរាប ជា​អ្នក​រក្សាទុកដាវ​សាំ​ម៉ូ​រ៉ៃ នឹង​ដឹកនាំ​បក្ខពួក ទៅ​សងសឹកលើ​ភាគី​ជនរងគ្រោះ​។​

    ប៉ូលិស​បន្តថា ក្រោយ​ចាប់ខ្លួនដកហូត​វត្ថុតាង បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម​,​​ កាំបិតប៉័ងតោ ចំនួន​០១​។ ក្នុងនោះ កម្លាំង ប៉ូលិស​ឃាត់ខ្លួន បក្ខពួក ជនសង្ស័យ​បន្ថែម បាន​ចំនួន​៦នាក់ (​ស្រី​ម្នាក់) មានមុខ​សញ្ញា ចាស់​ចំនួន​២​នាក់​។ ជា​លទ្ធផល តេស្ត​ទឹកនោម រក​សារធាតុ​ញៀន វិជ្ជមាន​ទាំង​៦​នាក់​។ 

    ប៉ូលិស​បាន​បន្ថែមថា នៅ​ពី​ថ្ងៃទី​០៩ ខែសីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង៣០​នាទី ឈានចូល​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០១៦ មាន​ក្រុម​ក្មេង ទំនើង​ចំនួន​០២ ក្រុម​ផ្សេងគ្នាក្នុងនោះមួយក្រុម​មាន គ្នា​ចំនួន​០៦​នាក់ បាន​អង្គុយ​ជួបជុំគ្នា នៅ​ចំណុចខាងមុខសណ្ឋាគា​រី​វើ​សាយ និង​មួយក្រុម​ទៀត ជិះ​ម៉ូតូ​ចំនួន០៨​គ្រឿង ក្នុង​មួយគ្រឿង មាន​គ្នាចំនួន​០២​នាក់ ទៅ​០៣​នាក់ មាន​ម្នាក់​កាន់ ដាវ​សាំ​ម៉ូ​រ៉ៃ និង​ម្នាក់ទៀតកាន់​កាំបិត​បុ័ងតោផង បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​ប្រើប្រាស់ ដាវ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​លើ​ក្រុម ម្ខាង​ទៀត​ដែលមាន គ្នា​ចំនួន​៦​នាក់ ក្នុងនោះ​មានឈ្មោះ​ សុខ ចំរើន ហៅ​ម៉ឺន ផងដែរ​។ 

    ដោយមាន​ភាពភ័យខ្លាចក្រុម​របស់ ឈ្មោះ​ សុខ ចំរើន ហៅ​ម៉ឺន ក៏​នាំគ្នា លោត​ចូលទៅ ក្នុង​ទឹកស្ទឹង សៀមរាប​ហែលគេចខ្លួន។ ចំណែក​ម្នាក់ ឈ្មោះ លឹម បាន​រត់​ចូលទៅ ក្នុងភូមិ​ស្រែក ហៅ​ឱ្យគេ​មកជួយ បាន​ប្រហែល​១៥​នាទី ក្រោយមក​ក្រុម​ម្ខាង ទៀត​បាន​ជិះ​ម៉ូតូ ចេញទៅ​បាត់ (​ក្នុង​ក្រុម​នោះ​មាន គេ​ស្គាល់​ម្នាក់​ឈ្មោះ​ ម​.​ប​)​។ 

    ក្រោយពី​ចេញ ទៅ​បាត់​ពួកក្រុម​ម្ខាង ដែល​លោត​ចូល ក្នុង​ទឹកស្ទឹង​ក៏បាន ឡើងគោក​មកវិញ តែ​បាន​បាត់ ឈ្មោះ សុខ ចំរើន ហៅ​ម៉ឺន មិនដឹង​ទៅណា​។ រហូតដល់​ថ្ងែ​ទី​១១ ខែសីហា​ឆ្នាំ​២០១៦ វេលា​ម៉ោង ០៦​និង​៣០​នាទី​ព្រឹក ទើប​មានការ​ភ្ញាក់ ផ្អើល​ដោយ ឃើញ​មាន សាកសព​ឈ្មោះ សុខ ចំរើន ហៅ​ម៉ឺន អណ្តែត​ផុសឡើង​ចេញពី​ទឹក​។    

    ប៉ូលិស​បន្តថា ហេតុដែលបណ្តាលឱ្យមាន​អំពើ​ហឹ​ង្សា មកលើ​ជនរងគ្រោះ និង​បក្ខពួក​គឺ ដោយសារ​កាល ពីថ្ងៃ​ទី​០៩​ ខែសីហា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥​ និង​៣០​នាទី ល្ងាច​មិត្ត​ភក្ដិរបស់​សាកសព​បាន ទៅ​ជិះទូក​លេង​នៅ ស្ទឹង​មុខ​ផ្សារ រាត្រី​អាត​សិន​ថឺ ស្ថិតក្នុង ភូមិ​វត្ត​ដំណាក់ ក៏​កើតមាន ទំនាស់​ដោយសារ​ឈ្មោះ​ ម​.​ប ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ រើស​ដុំថ្ម​គប់ ត្រូវ​ទូករបស់​ពួកគេ​ជិះ ក៏​កើតជា​ជម្លោះ ដេញ​វាយតប់​គ្នា​។ លុះដល់​ពេលយប់ ឈ្មោះ​ ម​.​ប និង​បក្ខពួក ក៏​លើកគ្នា​មក​សង សឹក​វិញ​តែម្តង​។ 

    ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ កំរិតធ្ងន់​ដើម្បី​ប​ញ្ចូ​ន បន្តទៅ​តុលាការ​។ ចំណែកឯ​បក្សពួក​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការតាម​និតិ​វិធីនៃ​ច្បាប់ ។

    សូម​រំលឹកថា កាលពី​ព្រឹក ថ្ងៃទី​១១ សីហា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋប្រទះឃើញ ជនរងគ្រោះឈ្មោះ សុខ ចំរើន ហៅ​ម៉ឺន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ កម្មករ សំណង់ ស្លាប់​នៅ​ចំណុច ស្ពាន​ទ្វារ​ទឹក អាង​ក្រពើ​ក្នុងភូមិវត្ត​ដំណាក់ សង្កាត់សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក៕​

adverise with khmeread

មតិយោបល់