adverise with khmeread Unnamed %281%29

នាយក​សាលា​ និងគ្រូនៃ​វិទ្យាល័យ ហ៊ុន សែន ត្រើយ​ស្លា ភ័យស្លន់​ស្លោនៅពេលមានបុរសម្នាក់ចូលដេញកាប់ក្នុងសាលា

    កណ្តាល ៖ ជនដៃដល់​ម្នាក់​ ត្រូវបាន​ប៉ូលិស​ប្រើ​ជំនាញ​បង្ក្រាប បន្ទាប់ពី​បាន​ប្រើ​កាំបិត ខ្វែវ បុ័ងតោ ពូថៅ ចបជីក សម្រុកចូល​ក្នុង​សាលា​ប្រព្រឹត្ត​អំពើ​ឆ្កួតៗ វាយ​និង​កាប់​ទៅលើ​នាយកសាលា គ្រូ និង មន្ត្រីប៉ូលិស កាលពី​វេលា​ម៉ោង​១ ​និង​១០​នាទី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ត្រើយ​ស្លា ស្ថិត​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ករណីនេះ​បណ្តាល​ឱ្យមាន​មនុស្ស​៣​នាក់​រងរបួស​ទី​១-​ជា​អធិការរង​ប៉ូលិស​ស្រុក​ស្អាង, ទី​២-​ជា​នាយក​សាលា គឺ​លោក សុខ ពៅ អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​ទី​៣-​ជា​គ្រូបង្រៀន គឺ​លោក គុណ សុភា អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង។​

    ចំណែកឯ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ ប្រិ​យ ណុប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង។​

    ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ប៉ូលិស​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនដៃដល់​ខាងលើនេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន កាំបិតផ្គាក់​០១, កាំបិត​បុ័ងតោ​០១, ពូថៅ​០១, ចបជីក​០១, ដែក​ជុំ​និក​០១ និង​ចបចក់​០១ ។​

    ដោយឡែក​សម្ភារៈ​ដែលរ​ង​ការខូចខាត​រួមមាន ម៉ូតូ​០២​គ្រឿង ១​គ្រឿង​ហុងដា S.H ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 1O-7080 និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ​, កុំព្យូទ័រ​០១​គ្រឿង​, ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក SAMSUNG GALAXY A8 និង​វិទ្យុទាក់ទង​ចំនួន​០១​គ្រឿង​ផងដែរ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​មាន​សភាព​ខុសប្លែក​ពី​ធម្មតា​ស្រែក​ឡូឡា​កាន់​កាំបិត​បុ័ងតោ​រត់​ចូលទៅក្នុង​វិហារ​ចាស់​វត្ត​ស្លា​កេ​ត្ត។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​កាន់​កាំបិតផ្គាក់ និង​ពូថៅ រត់​ចូលទៅក្នុង​វិទ្យាល័យ​ហ៊ុន សែន ត្រើយ​ស្លា។​

    ពេលទៅដល់​ជនសង្ស័យ​បាន​ចាប់​ក្របួច​.​កអាវ​លោកនាយក​សាលា​ដែល​កំពុង​សម្រាក​នៅក្នុង​បន្ទប់​វាយ​ដោយ​ខ្នងកាំបិត​បណ្តាល​ឱ្យ​រងរបួស និង​បាន​បន្ត​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈប្រើប្រាស់​ក្នុង​សាលា និង​ម៉ូតូ​២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ ធ្វើ​ឱ្យ​សិស្សសាលា​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។​

    ដោយ​ឃើញ​ពី​ភាពកាចសាហាវ​នេះ លោក​បាន​រាយការណ៍​ជូន​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្នើសុំ​កម្លាំង​អន្តរាគមន៍​ជួយ​បន្ថែមទៀត។ ពេល​កងកម្លាំង​ចុះទៅ​ដល់​ព្យាយាម​លួងលោម​យ៉ាងណា​ក៏​ជនសង្ស័យ​នៅតែ​មិន​ស្តាប់ ទើប​សមត្ថកិច្ច​សម្រេច​ចិត្ត​ប្រើប្រាស់​ដំបង​វាយ​ជនសង្ស័យ​ឱ្យធ្លាក់​កំបិត​ពី​ដៃ។​

    គ្រានោះ​ជនសង្ស័យ​បាន​ដេញ​កាប់​ទៅលើ​លោក​អធិការរង​បណ្តាល​ឱ្យ​លោក​រអិល​ជើង​ដួល​ទៅលើ​ដី ខណៈនោះ​ជនសង្ស័យ​យារ​កាំបិតរ​កកាប់​បន្ថែ​ម តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យក​ដំបង​ខ្ទាស់​ជាប់​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់