អត្តពលិកនារីកាយសម្ព័ន្ធតំណាងឱ្យប្រទេសកូរ៉េខាងត្បូង Lee Eun Ju ដែលបានធ្វើឱ្យខ្លួនឯងទទួលបានការចាប់អារម្មណ៍ដោយចៃដន្យពីអន្តរជាតិ បន្ទាប់ពីថតរូបភាព Selfie មួយសន្លឹកជាមួយនឹងអត្តពលិកនារីតំណាងឱ្យប្រទេសបងប្អូនជម្លោះរ៉ាំរ៉ៃកូរ៉េខាងជើងក្នុងទីក្រុងរីយ៉ូ បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា នាងមានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបដ៏អស្ចារ្យទៅលើទង្វើដ៏សាមញ្ញមួយនេះ។
រូបថតមួយសន្លឹករបស់ Lee និងអត្តពលិកនារីតំណាងឱ្យប្រទេសកូរ៉េខាងជើង Hong Un Jong ដែលបានផ្តិតចូលទៅក្នុងទូរស័ព្ទដៃរបស់ Lee បានរីករាលដាលយ៉ាងរហ័សក្នុងបណ្តាញសង្គម ខណៈដែលអ្នកគាំទ្រជាច្រើនចំពោះរូបថតមួយសន្លឹកនេះបានប្រៀបធៀបថាវាជាស្មារតីដ៏ល្អឥតខ្ចោះនៃព្រឹត្តិការណ៍កីឡាអូឡាំពិក។
រូបថតនេះត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងត្រូវបានចែកចាយដោយអ្នកគាំទ្រជាច្រើនរាប់សិបម៉ឺននាក់ រួមជាមួយនឹងការគាំទ្រធំៗមួយចំនួនទៀតផងដែររួមដូចជា ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានបញ្ជាក់ថា វាគឺជា "កាយវិការដ៏អស្ចារ្យផងដែរ"។
ដោយឡែកការបារម្ភអំពីសុវត្ថិភាពរបស់នាង Hong Un Jong អត្តពលិកកូរ៉េខាងជើង ក៏លែងមានបញ្ហាដែរ ដោយសារមន្ត្រីកីឡាអូឡាំពិកកូរ៉េខាងជើងបញ្ជាក់ថា នាងនឹងពុំមានទោសរហូតដល់ប្រហារជីវិតទេគ្រាន់តែរូបថតមួយសន្លឹកនេះ ព្រោះកន្លងមកនាងបានថតរូបជាមួយកីឡាករដែលមកពីប្រទេសសត្រូវរាប់ភ្លេចមកហើយ ក្នុងនោះរាប់ទាំងអាមេរិកផងដែរ៕
