adverise with khmeread Potential date

វិធីងាយៗចំនួន ៧ ដើម្បីជួបអនាគតគូស្នេហ៍

សព្វថ្ងៃ ក្លិបរាត្រី និងរង្គសាលមិនមែនជាកន្លែងតែមួយគត់ដើម្បីជួបអនាគតគូស្នេហ៍នោះទេ។ មានកន្លែងផ្សេងទៀត និងវិធីជាច្រើនដើម្បីស្វែងរកគូស្នេហ៍របស់អ្នក។ ពេលខ្លះវាមើលទៅដូចជាមិនអាចទៅរួចទេ ជាពិសេសបន្ទាប់ពីអ្នកបានចែកផ្លូវគ្នាជាមួយគូស្នេហ៍ចាស់ ប៉ុន្តែតាមវិធីនេះវានឹងកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកមិត្តប្រុសថ្មីហួសពីការគិតរបស់អ្នកទៅទៀត។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីជួបអនាគតគូស្នេហ៍របស់អ្នក។ 

១- មិត្តភក្តិស្គាល់តៗគ្នា
វិធីល្អបំផុតមួយដើម្បីបានជួបគូស្នេហ៍របស់អ្នកគឺតាមរយៈមិត្តភក្តិស្គាល់តៗគ្នារបស់អ្នក។ វាពិតជាវិធីងាយស្រួលបំផុតដើម្បីជួបគូស្នេហ៍ថ្មី ឬត្រឹមមិត្តភក្តិ ហើយនេះគឺជារបៀបដែលមិត្តប្រុសខ្ញុំ និងខ្ញុំបានជួបគ្នាកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ត្រូវមានភាពក្លាហានក្នុងការសួរនាំមិត្តភក្តិជិតស្និទ្ធរបស់អ្នកថាតើពួកគេមានស្គាល់បុរសណា ដែលនៅទំនេរ និងដែលកំពុងចង់ស្វែងរកគូដែរឬក៏អត់។ អ្នកណាទៅដឹងទៅ ជួនកាលអ្នកអាចនឹងជួបគូស្នេហ៍ប្រចាំជីវិតរបស់អ្នកក៏ថាបាន។ កុំភ្លេចនិយាយអរគុណមិត្តភក្តិរបស់អ្នក ដែលបានណែនាំ។ 

២- ភោជនីយដ្ឋាន
នៅពេលអ្នកស្ថិតនៅក្នុងភោជនីយដ្ឋាន អ្នកក៏អាចជួបនឹងអនាគតគូស្នេហ៍របស់អ្នកផងដែរ។ បើទោះបីជាអ្នកចេញទៅជាមួយមិត្តរួមការងារ ឬមិត្តភក្តិស្រីៗ ចូរកុំខ្លាចក្នុងការចេញមុខនិយាយស្តីជាមួយនឹងបុរសល្អ ដែលអ្នកចូលចិត្ត។ វាមិនអីនោះទេក្នុងការចាប់ផ្តើមនិយាយទៅកាន់មនុស្សប្រុសជាមុន យូរៗម្តងនោះ។ វិធីនេះអាចនាំទៅដល់ការជួបគូស្នេហ៍ដ៏អស្ចារ្យ។ 

៣- ហាង​លក់​គ្រឿងទេស
មិត្តនារីទាំងឡាយ អ្នកបានអានពាក្យនេះត្រឹមត្រូវហើយ គឺហាងលក់គ្រឿងទេស។ ហាងលក់គ្រឿងទេសគឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការជួបអនាគតគូស្នេហ៍។ មិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំបានជួបស្វាមីរបស់នាងនៅក្នុងហាងលក់គ្រឿងទេស ហើយពួកគេពិតជារីករាយនៅជាមួយគ្នាណាស់ឥឡូវនេះ។ ជាការពិត វាអាចលំបាកក្នុងការស្វែងរកឲ្យឃើញគូស្នេហ៍នៅទីនោះណាស់ ប៉ុន្តែរឿងនេះអាចនឹងកើតឡើងបាន។ ដូច្នេះ នៅពេលដែលអ្នកទៅហាងលក់គ្រឿងទេស ចូរបើកភ្នែកឲ្យធំៗមើលឲ្យសព្វទីកន្លែង ព្រោះអ្នកនឹងមិនដឹងថាតើអ្នកនឹងបានជួបបុរសល្អឥតខ្ចោះឬក៏អត់នោះទេ។ ប្រសិនបើអ្នកបានជួបមែន ត្រូវមានក្តីក្លាហានក្នុងការចាប់ផ្តើមនិយាយស្តីជាមួយគាត់។ 

៤- សាលារៀន
មិនថាអ្នកនៅសាកលវិទ្យាល័យ ឬ វិទ្យាល័យនោះទេ វាគឺជាកន្លែងដ៏អស្ចារ្យណាស់ក្នុងការបានជួបនឹងអនាគតគូស្នេហ៍របស់អ្នក។ គាត់មិនមែនចាំបាច់ទាល់តែជាមិត្តរួមថ្នាក់របស់អ្នកនោះទេ។ វាអាចជាបុរស ដែលអ្នកចាប់អារម្មណ៍ខ្លាំងអំឡុងពេលបាយ ឬពេលដើរជួបគ្នានៅសាលា។ ប្រសិនបើអ្នកចូលចិត្តបុរសម្នាក់នោះ ចូរនិយាយទៅរកគាត់។ កុំគិតថាការចាប់ផ្តើមមុនគឺជាការមិនល្អសម្រាប់នារីឲ្យសោះ។ ទោះយ៉ាងណា កុំសុំគាត់ដើរលេងនៅពេលដែលអ្នកចាប់ផ្តើមការសន្ទនា។ គ្រាន់តែឲ្យគាត់ដឹងថាអ្នកចូលចិត្តគាត់ទៅបានហើយ។ 

៥- កន្លែងធ្វើការ
ប្រាកដណាស់ ការទាក់ទងស្រឡាញ់នរណាម្នាក់ក្នុងកន្លែងធ្វើការគឺមិនងាយស្រួលនោះទេ ហើយវាអាចមានភាពស្មុគ្រស្មាញមួយចំនួន ប៉ុន្តែវាអាចទៅរួចប្រសិនបើអ្នកស្រឡាញ់គ្នា។ គ្រាន់តែធ្វើឲ្យប្រាកដថា បុរសដែលអ្នកចាប់អារម្មណ៍នោះមិនមែនជាចៅហ្វាយនាយរបស់អ្នក ព្រោះទំនាក់ទំនងរបស់អ្នកអាចនឹងមិនកើតការអ្វីនោះទេហើយអ្នកអាចថែមទាំងបាត់បង់ការងារទៀតផង។ មនុស្សភាគច្រើនជួបដៃគូរបស់ខ្លួននៅកន្លែងធ្វើការ ដោយសារពួកគេបានចំណាយពេលភាគច្រើននៅជាមួយគ្នានៅកន្លែងធ្វើការ។ 

៦- អនឡាញ
ខ្ញុំមិនចង់ណែនាំមនុស្សឲ្យជួបគូស្នេហ៍របស់ខ្លួនតាមអនឡាញនោះទេ ប៉ុន្តែវាក៏ជាវិធីល្អមួយដែរក្នុងការសាកល្បង។ សព្វថ្ងៃមនុស្សជាច្រើនជួបគ្នាតាមអនឡាញ។ អ៊ីនធឺណេតគឺជាពិភពនៃកន្លែងដែលរឿងអ្វីៗក៏អាចកើតឡើងដែរ ​ហើយអ្នកអាចជួបគូស្នេហ៍ដ៏មានសក្តានុពលរបស់អ្នកនៅលើអនឡាញនេះឯង។ គ្រាន់តែចេះប្រុងប្រយ័ត្ននៅពេលដែលអ្នកស្វែងរកគូស្នេហ៍របស់អ្នក និងនៅពេលដែលអ្នកបានជួបបុរសម្នាក់ក្នុងចំណោមពួកគេ។ 

៧- ផ្សារ
ចុងក្រោយ អ្នកក៏អាចជួបអនាគតគូស្នេហ៍របស់អ្នកផងដែរខណៈកំពុងដើរផ្សារ។ មិនថាអ្នកដើរផ្សារទំនើបឬមិនទំនើបនោះទេ ត្រូវក្រឡេកមើលជុំវិញតូប ឬតំបន់លក់ទំនិញផ្សេងៗ ដែលជាកន្លែងបុរសចូលចិត្តទៅបំផុត។ រឿងល្អបំផុតមួយអំពីការជួបបុរសនៅពេលកំពុងដើរផ្សារគឺថា អ្នកដឹងថាគាត់នឹងមិនប្រកាន់ក្នុងការដើរផ្សារនោះទេ ហើយការដើរផ្សារជាមួយគ្នាក៏នឹងមិនមែនជាបញ្ហារវាងអ្នកទាំងពីរនោះដែរ។ 

វាអាចមានការលំបាកក្នុងការជួបនូវបុរសថ្មី ជាពិសេសបន្ទាប់ពីការបែកគ្នាដ៏ឈឺចាប់ ប៉ុន្តែវាអាចទៅរួចប្រសិនបើអ្នកពិតជាចង់បានដៃគូថ្មី។ ប្រសិនបើអ្នកមានមិត្តប្រុសហើយ តើអ្នកជួបគាត់នៅកន្លែងណា?

 

ប្រភព៖ វ៉ូមែនណាយលី

adverise with khmeread

មតិយោបល់