អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រូវបានគេរាយការណ៍ថាបានជ្រើសរើស Santi Cazorla ធ្វើជាប្រធានក្រុមថ្មីរបស់គាត់សម្រាប់រដូវកាលថ្មី២០១៦/១៧ ដែលនឹងត្រូវបើកឆាកនារាត្រីនេះ។
អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ត្រូវបានតម្រូវឱ្យមានការសម្រេចចិត្តមួយដើម្បីជ្រើសរើសប្រធានក្រុមថ្មីរបស់គាត់ បន្ទាប់ពីការចាកចេញរបស់អតីតប្រធានក្រុមចាស់ Mikel Arteta នៅឯចុងបញ្ចប់រដូវកាលមុន។
Per Mertesacker បានក្តោបក្តាប់តួនាទីមួយនេះសម្រាប់ការប្រកួតជាច្រើនកាលពីឆ្នាំមុនអំឡុងពេលអវត្តមានរបស់ Arteta ដោយបញ្ហារបួស ប៉ុន្តែវាហាក់ដូចជាគាត់បានជ្រុះចេញពីការសម្រេចចិត្តរបស់ Wenger នាពេលបច្ចុប្បន្ននេះហើយ។
យោងតាមវេបសាយ Daily Star បានឱ្យដឹងថា Wenger បានជ្រើសរើសកីឡាករសញ្ជាតិអេស្ប៉ាញដទៃទៀតដើម្បីដឹកនាំក្រុម ដោយបង្ហាញពីជំនឿដ៏ធំទៅលើខ្សែបម្រើ Cazorla ដែលបានខកខានការប្រកួតជាច្រើនកាលពីរដូវកាលមុន បន្ទាប់ពីទទួលបញ្ហារបួសនៅពាក់កណ្តាលផ្លូវនៃដំណើរប្រជែងលីក។
Petr Cech ក៏មានឈ្មោះនៅក្នុងដំណើរជ្រើសតាំងប្រធានក្រុមថ្មីដែរ ប៉ុន្តែចំណង់ចំណូលចិត្តរបស់ Wenger មិនចង់ជ្រើសរើសប្រធានក្រុមជាអ្នកចាំទីឡើយ ដែលសូម្បីតែខ្សែការពារកណ្តាល Laurent Koscielny ក៏ប្រហែលជាត្រូវបានស្ថិតនៅក្នុងជម្រើសជាក់ស្តែងច្រើនជាងគាត់ផងដែរ។
Cazorla បានចូលរួមជាមួយ Arsenal កាលពីឆ្នាំ២០១២ ហើយក៏ជាកីឡាករម្នាក់ដែលមានបទពិសោធន៍ខ្ពស់ផងដែរសម្រាប់ក្រុមមួយនេះនាពេលបច្ចុប្បន្ន៕
