ភ្នំពេញ ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅឡើងលើឃឿនស្ពានច្បារអំពៅ និងជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឱ្យដួលបោកក្បាលហូរឈាមរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឡី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុខាងលើបានប្រាប់ឱ្យដឹងថា ដំបូងគេសង្កេតឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហង់ដាឌ្រីមសេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AZ.8718 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយបំណងឆ្លងស្ពានច្បារអំពៅ ហើយទំនងជាទំនងជាស្រវឹងស្រាផងនោះ ក៏បានរេចង្កូតឡើងឃឿនស្ពានទៅបុកបង្គោលភ្លើងបណ្ដាលឱ្យដួលបោកក្បាលទៅនឹងផ្លូវហូរឈាមពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម៉ូតូរងការខូចខាតខាងមុខជាច្រើនផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ រីឯម៉ូតូជនរងគ្រោះត្រូវបានសម្ថកិច្ចមូលដ្ឋានធ្វើការវាស់វែង យកទៅក្សាទុកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំប្រគល់ឱ្យម្ចាស់វិញ៕
