ព្រះសីហនុ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់៤ បានសហការជាមួយ កម្លាំងប៉ូលិសក្រុងព្រះសីហនុធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៦ ម៉ោង១០ និង៣០នាទីនេះ ពីបទចោរកម្ម កាច់បំបែកសោកលួចម៉ូតូ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១៦ ម៉ោង១៦ កន្លងទៅនៅឆ្នេរសមុទ្រអូរត្រេះ ក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អោម និមល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មេការ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ចំណែកជនសង្ស័យចំនួន២នាក់មាន១.ឈ្មោះ រុំ ភឿក ហៅធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) និង២.ឈ្មោះ វ៉ាត វុធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កាប់ជ្រូក ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (អ្នកទទួលផលចោរកម្ម)។
រីឯបក្សពួកវា ចំនួន២នាក់ទៀតឈ្មោះ ឡុង បញ្ញា និងឈ្មោះ យូ គេចខ្លួនប៉ូលិសកំពុងតាមចាប់ខ្លួន។ វត្ថុតាងចាប់យកបាន ម៉ូតូអ៌ែរប្លែត ចំនួន២គ្រឿងជាផលនៃអំពើចោរកម្ម។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញ កំពុងបន្តនិតិវិធី បញ្ជូនទៅតុលាការ៕
