ភ្នំពេញ ៖ មានករណីបាញ់ប្រហារសម្លាប់មនុស្សនោក្នុងទីតាំង Star Mart ឈ្មោះ Only U ស្ថិតនៅក្បែរផ្សាររាត្រី ផ្ទះលេខ ១៦៥អឺអូ ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញដែលគេស្គាល់ថាជាហាងរបស់តារាសម្តែង ខៀវ សុខារ៉ាវី នៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១៣ សីហា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឱ្យដឹងនៅជំហានដំបូងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យត្រូវជាប្អូនប្រុសជីដូនមួយរបស់ ខៀវ សុខារ៉ាវី។
ចំណែកជនសង្ស័យឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ឃាត់ខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញដើម្បីសួរនាំ ដែលសមត្ថកិច្ចសង្ស័យថាជាខ្មាន់កាំភ្លើង បាញ់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ពាក់ព័ន្ធនឹងករណីនេះជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ មិនមែនជាឃាតករឡើយព្រោះម្តាយ ខៀវ សុខារ៉ាវី អះអាងថា មានគេចូលបាញ់ប្លន់នៅហាងរបស់គាត់។
នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃសៅរ៍នេះ សពជនរងគ្រោះបាននឹងកំពុងរៀបចំធ្វើបុណ្យ វត្តពោធិ៍យ៉ារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ។
យ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចអាចនឹងវែកមុខរកឃាតករឃើញ ព្រោះកាមេរ៉ាសុវត្ថិភាពនៅក្នុងស្តារម៉ាតមានដាក់ខាងក្រៅនិងខាងក្នុងគ្រប់កន្លែង ហើយសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតក្នុងរឿងនេះ៕
