adverise with khmeread 1

ប្រជាជន​កូរ៉េខាងជើង​ម្នាក់​ត្រូវ​ស្តុក​ទុក​លាមក​ឱ្យបាន ១០០ គីឡូក្រាម​ឡើង តាម​បញ្ជា​គីម ជុង​អ៊ុន​

    ​ក្រុម​អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​កំពុង​ខ្វះខាត​ជីរ​កសិកម្ម​បន្តិច​ម្តងៗ ខណៈដែល​គីម ជុង​អ៊ុន​ព្រមាន​ប្រជាជន​ជន​របស់គាត់​ថាឱ្យ​ត្រៀមខ្លួន​សម្រាប់​គ្រោះ​ទុរ្ភិក្ស​ថ្មី​។ 

​    ​កសិដ្ឋាន​កូរ៉េខាងជើង​ពឹងផ្អែក​លើ​ជីរ​បរទេស ប៉ុន្តែ​អ្នកជិតខាង​កូរ៉េខាងត្បូង​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ក្នុង​ឆ្នាំ ២០១០ បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​ពន្លិច​នាវា​របស់​កូរ៉េខាងត្បូង​។ 

​    ​ហើយ​បើទោះបីជា​កូរ៉េខាងត្បូង​បានអនុញ្ញាត​ឱ្យ​នាំចេញ​ជីរ​ខ្លះមក​កាន់​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន ប៉ុន្តែ​ទំនាក់ទំនង​ប្រេះស្រាំ​ថ្មីៗ​នេះ​អាច​មានន័យថា គីម ជុង​អ៊ុន ត្រូវតែ​រក​គំនិត​ច្នៃប្រឌិត​ថ្មី​ឱ្យទាន់ពេល​រដូវ​ប្រមូល​ផល​មកដល់​។ 

​    ​កញ្ញា យូ​ន​មី ផាក (Yeonmi Park) ដែល​រត់គេច​ពី​កូរ៉េខាងជើង​ក្នុង​ឆ្នាំ ២០០៧ បាន​ចេញមក​ពន្យល់​អំពី​របៀប​ដែល​ប្រមុខ​បក្ស​ក្នុង​ក្រុង​ព្យុងយ៉ាង​ព្យាយាម​ដោះស្រាយ​កង្វះ​ជីរ​សម្រាប់​កសិកម្ម​នៅ​គ្រា​ចុងក្រោយ​ដែល​នាង​នៅ​កូរ៉េខាងជើង​។ 

​    ​នាង​និយាយថា "​រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធនា​ការបំពេញ​កង្វះខាត​ជីរ​ជាមួយ​ធនធាន​កកើត​ឡើងវិញ​នៅក្នុង​ស្រុក នោះ​គឺ លាមក​មនុស្ស និង​សត្វ​"​។ 

​    ​នាង​បន្តថា "​គ្រប់​កម្មករ និង​សាលារៀន​ទាំងអស់​សុទ្ធ​តែមាន​កូតា​ដើម្បី​បំពេញ​កង្វះខាត​នេះ​។ អ្នក​អាច​ស្រមៃ​បាន​ថា​តើ​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង​ចំពោះ​គ្រួសារ​យើង​ដោយសារតែ​បំពេញ​កង្វះខាត​នេះ​។ សមាជិកគ្រួសារ​ទាំងអស់​មាន​កិច្ចការ​ប្រចាំថ្ងៃ​ខានមិនបាន ដូច្នេះ​នៅពេល​ក្រោក​ឡើង​ពេលព្រឹក វា​ប្រៀបដូចជា​សង្គ្រាម​អ៊ីចឹង​។ ម្តាយមីង​របស់ខ្ញុំ​ជា​អ្នកប្រកួតប្រជែង​សាហាវ​ជាងគេ​បំផុត​"​។ 

​    ​នាង ផាក បាន​រំលឹកថា ដើម្បី​រស់ ម្តាយមីង​នាង​នៅ​ខេត្ត Kowon បាន​ជំរុញ​ឱ្យ​នាង​កុំ​បត់ជើងធំ​នៅ​សាលា ប៉ុន្តែ​ត្រូវ​រង់ចាំ​មក​បត់​វា​នៅផ្ទះ​វិញ​។ 

​    ​ម្តាយមីង​ម្នាក់ទៀត​នៅ​ខេត្ត Songnam-ri ស្រែកថ្ងូរ​រាល់ថ្ងៃ ជាពិសេស​ពេល​នៅ​សុខៗ​ស្រាប់តែ​ឈឺ​បត់ជើងធំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ 

​    ​តម្រូវការ​លាមក​មាន​ច្រើន​ហួសការ​ស្មាន រហូតដល់​ថ្នាក់​ក្នុង​ឆ្នាំ ២០១០ មាន​ហាង​មួយ​បើកហាង​លក់​លាមក​ទៀតផង​។ នេះ​បើ​យោងតាម​វេ​ប​សាយ National Post របស់​កាណាដា​។ 

​    ​កាសែត Chosun Ilbo របស់​កូរ៉េខាងត្បូង​បាន​លាតត្រដាង​ក្នុង​ឆ្នាំ ២០១៣​ថា មនុស្ស​មួយចំនួន​ថែមទាំង​លួច​យក​លា​មកពី​បង្គន់​អ្នកជិតខាង​ទៀតផង ដើម្បី​បំពេញ​កូតា​លាមក​របស់​គ្រួសារ​នីមួយៗ​។ 

​    ​នាង​ផាក​បាន​រំលឹកថា "​បង្គន់​របស់​យើង​នៅ​កូរ៉េខាងជើង​ភាគច្រើន​នៅ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ក្រែងលោ​អ្នកជិតខាង​លួច​លាមក​នៅពេល​យប់​។ មនុស្ស​មួយចំនួន​ថែមទាំង​នាំគ្នា​ចាក់សោ​បង្គន់​ដើម្បី​ការពារ​កុំឱ្យ​ចោរ​មក​លួច​លាមក​។ នៅ​សាលារៀន​គ្រូបង្រៀន​បញ្ជូន​យើង​ឱ្យ​ដើររក​លាមក​តាមផ្លូវ ហើយ​កើប​វា​មក​ទុក​ក្នុង​ថ្នាក់រៀន​"​។​

​    ​នាង​បន្តថា "​ដូច្នេះ ប្រសិនបើ​យើង​ឃើញ​ឆ្កែ​ជុះអាចម៍​តាមផ្លូវ គឺ​ប្រៀប​បីដូច​ឃើញ​មាស​មួយ​ដុំ​អ៊ីចឹង​។ ឪពុកមា​ខ្ញុំ​នៅ​ខេត្ត Kowon មាន​ឆ្កែ​ធំ​មួយ ដែល​ផលិត​លាមក​បាន​យ៉ាងច្រើន​។ ហើយ​គ្រប់គ្នា​ក្នុង​គ្រួសារ​ភាគច្រើន​ឈ្លោះ​គ្នា​ដើម្បី​ដណ្តើម​អាចម៍ឆ្កែ​"​។ 

​    ​មនុស្ស​ម្នាក់​ត្រូវ​ប្រមូល​លាមក​ឱ្យបាន​យ៉ាងតិច ១០០ គីឡូក្រាម​ឡើង ដើម្បី​លាយ​ជាមួយ​ចំបើង​ផលិត​ជា​ជីរ​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់