រតនគិរី ៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ឃុំប៉ក់ញ៉ៃ និងកម្លាំងប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានធ្វើការឃាត់ខ្លួនជនជាតិយួន៥នាក់ ដែលបានចូលមកលួចជីករ៉ែដោយខុសច្បាប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក ក្រោយពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានជនជាតិយួនលួចជីករ៉ែខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើរួចមក រូបលោកបានសុំយោបល់ ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធខេត្ត ដោយចុះបង្ក្រាបជាក់ស្តែងមានតំណាងអធ្យការអមសាលាដំបូងខេត្ត ដឹកនាំបញ្ជាផ្ទាល់តែម្តង។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនជាតិយួនចំនួន៥នាក់ ទី១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន, ទី២-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊, ទី៣-ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន, ទី៤-ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥-ឈ្មោះ វ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។
សមត្ថកិច្ចបន្តថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញដកហូតបានម៉ាស៊ីនភ្លើងធំ១គ្រឿង ម៉ូទ័របូមទឹក២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សម្រាប់ជីករ៉ែ មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចដែលចុះប្រតិបត្តិការបញ្ជូនមកស្នងការប៉ូលិសខេត្តរតនគិរីដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
