ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនក្រោយពីឃាត់ឆែកឆេរនៅជាប់ខ្លួនឃើញមានលាក់ទុកនូវថ្នាំញៀនប្រភេទក្រាម សថ្លាមួយថង់តូចនៅជាប់ខ្លួនកាលពីម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០១៦នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ លន់ ចំណាន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនិងមានស្រុកកំណើតភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ប៉ូលិសបន្តថា ខណៈដែលកម្លាំងអត្តរាគមន៍ជិះម៉ូតូល្បាតនៅចំណុចខាងលើស្រាប់តែបានឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាក Zoome x ពណ៌កាប់ស្តាំងអត់មានស្លាកលេខក៏ហៅពិនិត្យស្រាប់តែប្រទេះឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លា១កូនថង់តូច ត្រូវបានជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារី MEVIUS។
ឃើញដូចនោះក៏បានឃាត់ខ្លួនយកមកអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនខាងលើជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញនៅតំបន់ដុសស្លែ ត្រពាំងឈូកគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យខាងលើបានកសាងសំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕
