ភ្នំពេញ ៖ មានករណីឃាតកម្មដោយសារទំនាស់យកទឹកយូស្ងួត (សារធាតុគីមី) ស្រោចលើខ្លួនបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ផ្លូវបេតុង ភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប៉ូលិសឃាត់ជនសង្ស័យម្នាក់គេចខ្លួន២នាក់។
ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាប់ ម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ស្នាក់នៅក្នុងសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ផ្លូវបេតុង ភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទឃាតកម្មទំនាស់យកទឹកយូស្ងួតស្រោចបណ្តាលឱ្យស្លាប់។
ចំណែកជនរងគ្រោះឈ្មោះ ម៉ន ធារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ស្នាក់នៅក្នុងសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ផ្លូវបេតុង ភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យដូចគ្នា។
ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីយប់នៅចំណុចក្នុងសិប្បកម្មបោះពុម្ភស្លាកយីហោលើថង់ប្លាស្ទិច ផ្លូវបេតុង ភូមិឫស្សីសង្កាត់ ស្ទឹងមានជ័យ ក្រុមជនសង្ស័យមានទំនាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះ (ម៉ន ធារ៉ា) ហើយឈ្មោះ ម៉ាប់ ម៉ៃ ក៏យកសារធាតុគីមីស្រោចលើខ្លួនជនរងគ្រោះបណ្តាលឱ្យស្លាប់។ ចំណែក បក្សពួក០២នាក់ទៀតឈ្មោះ ម៉ាប់ ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ម៉ាប់ កុត ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង២ជាបងប្រុសបង្កើតជនសង្ស័យឈ្មោះ ម៉ាប់ ម៉ៃ បានរត់គេចខ្លួនបាត់៕
