ភ្នំពេញ ៖ បន្ទាប់ពីគេបានឮ សម្រែកថាចោរៗ និងបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូរត់គេចខ្លួនយ៉ាងលឿន ខណៈនោះ អ្នកដំណើរតាមផ្លូវមួយចំនួន បាននាំគ្នាជួយដេញម្ចាស់សម្រែកថាចោរៗនោះ កាលពីវេលាម៉ោង៧ និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។
នៅពេលដេញតាមផ្លូវជាតិលេខ៤ រហូតទៅដល់ត្រង់ចំណុច ជិតសាលាសង្កាត់ចោមចៅ ច្រកចូលសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ទើបចាប់បាន។
ក្រោយពេលចាប់ខ្លួនជនសង្ស័យខាងលើ ពួកគេក៏បាននាំទៅកាន់ប៉ុស្ដិ៍ចោមចៅធ្វើការសាកសួរ ទើបដឹងថា ជននោះបានលេងល្បែង ចាញ់អស់លុយពីខ្លួន ហើយបានចូលទៅ ធ្វើសកម្មភាពលួចលុយនៅទីតាំងហ្គេមបាញ់ត្រីមួយកន្លែង បានចំនួន៣,៥លានរៀល រួមនឹងទូរស័ព្ទដៃម៉ាក iPhone6 មួយគ្រឿងផង រួចបានព្យាយាមរត់គេចខ្លួន។
ខណៈនោះត្រូវបានម្ចាស់ដឹងទាន់ ក៏បានស្រែកឆោឡោ ហើយកម្លាំងសន្តិសុខ ដែលយាមនៅទីតាំងនោះ បាននាំគ្នាដេញតាចាប់។ ប៉ុន្តែដោយសារតែតាមមិនទាន់ ទើបសន្តិសុខនោះស្រែកថាចោរៗ បង្កឱ្យភ្ញាក់ផ្អើលតាមផ្លូវបែបនេះតែម្ដងទំរាំតែចាប់ជននោះបាន។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ឹង ម៉ាណែត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខដែរ មានស្រុកកំណើតនៅក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ដោយឡែកតំណាងសន្ដិសុខដែលបានដេញតាមចាប់ ជនសង្ស័យឈ្មោះ អ៊ូ ផល្លា អាយុ៥៨ឆ្នាំ ដែលគាត់គឺជាប្រធានសន្តិសុខ និងបាននាំកូនចៅ៥ទៅ៦នាក់ទៀត ដេញតាមចាប់ ជនសង្ស័យខាងលើនោះ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតដល់ត្រង់ចំណុចខាងលើទើបចាប់បាន។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យបានចាញ់អស់លុយសល់តែគូទខោ បន្ទាប់មកបានចូលទៅកាន់ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នោះ ហើយឆ្លៀតឱកាសល្អក៏បានធ្វើសកម្មភាពលួចយកលុយចំនួន៣លាន៥សែនរៀល និងទូរស័ព្ទម៉ាកអាយហ្វូនស៊ីក១គ្រឿង។ បន្ទាប់មកបានជិះម៉ូតូ ១គ្រឿងរត់គេចខ្លួនប៉ុន្តែត្រូវបានម្ចាស់ឃើញទាន់ និងបានស្រែកឱ្យកម្លាំងសន្តិសុខ ដែលយាមនៅទីនោះ ជួយដេញតាមចាប់ខ្លួនតែម្តង។
ប៉ុន្តែជននោះបានជិះម៉ូតូរត់តាំងពីកន្លែងកើតហេតុ រហូតដល់ត្រង់ចំណុច ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ទើបចាប់បាននិងបាននាំទៅកាន់ ប៉ុស្ដិ៍ចោមចៅ សាកសួរមួយជំហាន រួចទើបបញ្ជូនបន្តទៅកាន់ ប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់៕
