កណ្តាល ៖ មានករណីកុមារាម្នាក់លង់ទឹកបណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចគ្របបាយ ក្នុងទឹកព្រែកចាម ស្ថិតក្នុងភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជឿន ចន្នី ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកើតហេតុ (ស្លាប់)។
ប៉ូលិសបន្តថា នៅមុនពេលកើតហេតុថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះ និងមិត្តភក្តិជនរងគ្រោះឈ្មោះ ជួង ពិសិដ្ឋ ភេទប្រុស អាយុ៩ឆ្នាំ រួមទាំងក្មេងៗក្នុងភូមិចំនួន៣នាក់ទៀត បានឡើងជិះគោយន្តដឹកពោត ឈ្មោះ នឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។
ពេលជិះដល់កន្លែងកើតហេតុ ជនរងគ្រោះរួមទាំងមិត្តជិះលើគោយន្តជាមួយគ្នា បានហក់ចុះពីលើគោយន្តហើយជនរងគ្រោះ និងឈ្មោះ ជួន ពិសិដ្ឋ លោតចូលទៅក្នុងទឹកព្រែកចាម ចំណែកមិត្តភក្តិ៣ទៀតមិនចុះមុជទឹកជាមួយទេ។ ដោយឈ្មោះ ជួន ពិត មុជទឹករាក់ក្បែរច្រាំង។ ចំណែក ជនរងគ្រោះ មុជក្នុងទឹកជ្រៅ និងងើបពីទឹកពីរដង។ ភ្លាមនោះឈ្មោះ ជួន ពិសិដ្ឋ ឃើញមិនស្រួល ក៏រត់ទៅហៅឈ្មោះ យ៉ាន់ វឿន ដែលនៅកាច់ពោតក្បែរនោះឱ្យទៅជួយស្រង់យកជនរងគ្រោះ។
ភ្លាមនោះ ឈ្មោះ យ៉ាន វឿន បានស្រង់ជនរងគ្រោះ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកកោះធំ ពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយរួចរាយការជូនសមត្ថកិច្ចតែម្តង។
ក្រោយពីបានទទួលពត៌មានផ្នែកជំនាញ ប៉ូលិសស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់ផ្ទះជនរងគ្រោះ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារ ជនរងគ្រោះដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាស្លាប់ដោយការលង់ទឹក ប្រាកដមែន។
ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕
