ស្ទឹងត្រែង ៖ ជនសង្ស័យ៣នាក់ជិះរថយន្តមួយគ្រឿងរួមនឹងដុល្លារក្លែងក្លាយប្រភេទក្រដាស់១០០ ចំនួន៣៣២សន្លឹកស្មើនឹង៣៣២០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលព្រំដែនកម្ពុជា-ឡាវ ឃាត់ខ្លួនរួមនឹងវត្ថតាង បញ្ជូនមកការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានប៉ូលិសខេត្តសាកសួរហើយបានដោះលែងវិញ។
ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចច្រកទ្វារឃាត់ខ្លួនកាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលស្ថិតក្នុងសង្កាត់សាមគ្គី -ក្រុង-ខេត្តស្ទឹងត្រែង។
មន្ត្រីច្រកទ្វារត្រពាំងគ្រៀលបានឱ្យដឹងថា ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន គឺ១-ឈ្មោះ ស៊ាម ម៉ុង ភេទប្រុស អាយុ៦៤ឆ្នាំ, ២-ឈ្មោះ កេត ចាន់ដេត ភេទប្រុស អាយុ៦១ឆ្នាំ ២នាក់នេះរស់នៅឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែង និង៣-ឈ្មោះ ផែវ មិត្ត ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ ស-ក បឹងកក់១ ខណ្ណទួលគោក រាជធានីភ្នំពេញ។
មន្ត្រីច្រកទ្វារត្រពាំងគ្រៀលបានបន្តទៀតថា នៅថ្ងៃខាងលើនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិតទៅលើរថយន្ត១គ្រឿងម៉ាកកាមរីស្វិតពណ៌សសេរីឆ្នាំ៩១ដែលបានចរាចរណ៍ឆ្លងដែន នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល មានគ្នា៣នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញលុយដុល្លារក្លែងក្លាយប្រភេទក្រដាស់១០០ចំនួន៣៣២សន្លឹក ស្មើនិង៣៣២០០ដុល្លារសហរដ្ឋអាមេរិក(បីម៉ឺនបីពាន់ពីរយសហរដ្ឋអាមេរិច)។
សមត្ថកិច្ចបន្តថា ក្រោយការត្រួតពិនិតរកឃើញ លុយដុល្លារសមត្ថកិច្ចច្រកទ្វារបាន ធ្វើកំណត់ហេតុផ្ទេរប្រគល់ ទៅឱ្យការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្តធ្វើការសាកសួរបន្ត។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា លុយនេះជាលុយសែនខ្មោចសល់តាំងពីថ្ងៃសែនឆេងម៉េងមកម្ល៉េះ ដែលគាត់មិនបានយកចេញពីឡាន ក៏ទុករហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចឆែកឃើញ។
សមត្ថកិច្ចប្រាប់ថាក្រោយពីសមត្ថកិច្ចយកលុយមកពិនិត្យ រកឃើញថាលុយទាំងអស់ ជាលុយសំរាប់សែនខ្មោច រួចបានធ្វើកំណត់ហេតុ និងបានឱ្យជនស្ស័យទាំង៣នាក់ ធ្វើកិច្ចសន្យា បញ្ឈប់ចរាចរណ៍លុយនេះ បន្តទៀតនិងបានដោះលែងពួកគេទាំង៣នាក់ឱ្យមានសេរីភាពវិញនៅព្រឹកថ្ងៃ១៤ សីហានេះ៕
