adverise with khmeread 46465465465

ស្រ្ដីម្នាក់ដើរចូលទៅក្នុងបន្ទប់ទឹករអិលជើងដួលស្លាប់

    ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​មាន​ផ្ទៃពោះ​មួយខែ​កន្លះ​បាន​ស្លាប់ចោល​ប្ដី និង​កូន​៦​នាក់​ឲ្យ​នៅ​កំព្រាម្ដាយ ខណ​:​ពេល​គាត់​ដើរចូល​ទៅក្នុង​បន្ទប់ទឹក​រអិល​ជើង​ដួល​បោក​ក្បាល​របួសធ្ងន់ ហើយ​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​
    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៦ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
    បើតាម​សម្ដី​បុរស​ជា​ប្ដី​ឈ្មោះ ផាន់ ផៃ អាយុ ៤៨​ឆ្នាំ មានមុខ​របរ អ្នក​ដាំ​ត្រកួន​និង​កញ្ឆែត​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់​ដែល​បាន​ស្លាប់​ឈ្មោះ ឆេន ភ័​ក្រ អាយុ ៤៧​ឆ្នាំ មានមុខ​របរ​អ្នក​ដាំ​ត្រកួន ហើយ​មានកូន​៦ នាក់ កូនស្រី ២​នាក់ និង​កូន ប្រុស ៤​នាក់​។​
    លោក​បាន​បន្ដទៀតថា កាលពី ២​ថ្ងៃមុន​ប្រពន្ធ​របស់គាត់​បាន​បាត់​រដូវ ហើយ​បាន​ឲ្យ​គាត់​ជូនទៅ​គ្លី​និ​ចមួយ នៅ​ផ្សារ​ថ្នល់​បត់ ដើម្បី​ពិនិត្យមើល ក្រោយមក​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា​គាត់​មាន​ផ្ទៃពោះ មួយខែ​កន្លះ​ហើយ​។​
    ក្រោយពេល​ដឹងថា​មាន​ផ្ទៃពោះ ប្រពន្ធ​របស់គាត់​បាន ទិញ​ថ្នាំ​ដើម្បី​ទម្លាក់​កូន​ចេញ​។ ក្រោយពេល​ប្រពន្ធ​របស់គាត់​ចាប់​លេបថ្នាំ​នោះមក​ធ្វើ​ឲ្យ​កម្លាំង​ប្រពន្ធ​របស់គាត់​ចាប់ផ្ដើម​ចុះខ្សោយ រួមផ្សំ​ជាមួយ​ប្រពន្ធ​របស់គាត់​ធ្លាប់មាន​ជំងឺលើសឈាម​ផង​។​
    ស្រាប់តែ​មកដល់​ថ្ងៃកើតហេតុ​នេះ​ប្រពន្ធ​គាត់​បាន​ចូល​បន្ទប់ទឹក ខណៈនោះ​បាន​រអិល​ជើង​ដួល​បោក​ក្បាល ពេលនោះ​កូន​គាត់​បានឮ​សម្លេង​បាន​ចូលទៅ​មើល​ក៏បាន​ឃើញ​ម្ដាយ​ដួល​ក្នុង​បន្ទប់ទឹក​។​
    ក្រោយមក​កូនៗ​របស់គាត់ និង​អ្នកជិតខាង​បាន​ដឹកយក​គាត់​ទៅកាន់ មន្ទី​ពេទ្យ​បង្អែក​ខណ្ឌដង្កោ ពេលទៅដល់​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា គាត់​បាន​ស្លាប់​បាត់ទៅហើយ​។​
    ក្រោយមក​ក្រុមគ្រួសារ និង​អ្នកជិតខាង​បាន​នាំយក​សព​ស្ដ្រី​រងគ្រោះ​ត្រឡប់មកផ្ទះ​វិញ រួច​ក៏បាន​រាយ​កាណ៍​ជូន​ដល់​សមត្ថកិច្ច ភ្លាមនោះ​ខាង​សមត្ថកិច្ច​បាន​ចុះមក​ដល់ផ្ទះ​ស្ដ្រី​រងគ្រោះ ហើយ​បានធ្វើ​កោសល្យវិច័យ​។​
    បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​ខាង​សម្ថ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្ដ្រី​រងគ្រោះ​ខាងលើ ពិតជា​ស្លាប់​ដោយសារ​ការ​រអិល​ជើង​ដូ​ល​នៅក្នុង​បន្ទប់ទឹក​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់