ការចូលក្នុងប្រទេសកូរ៉េខាងជើងមិនមែនជារឿងងាយស្រួល ឬ សុវត្ថិភាពបំផុតសម្រាប់ជនបរទេសនោះទេ ប៉ុន្តែភ្ញៀវទេសចរដែលចង់ដឹងចង់ស្គាល់វប្បធម៌កូរ៉េខាងជើងមួយផ្នែកតូចអាចទៅក្រេបយកបទពិសោធន៍បាននៅទីក្រុងមាត់សមុទ្រមេឌីទែរ៉ាណេ Tarrangona ជាកន្លែងដែលបារតូចមួយដែលបង្កើតឡើងដើម្បីផ្សព្វផ្សាយរបបផ្តាច់ការរបស់គីម ជុងអ៊ុន ទើបតែបើកនាពេលថ្មីៗនេះទេ។ នេះបើតាមវេបសាយ Odditycentral ចេញផ្សាយកាលពីថ្ងៃទី ៩ សីហា។
លោក Alejandro Cao de Benos ម្ចាស់បារ Pyongyang Cafe គឺជាពលរដ្ឋលោកខាងលិចតែម្នាក់គត់ ដែលកាន់កាប់មុខតំណែងមួយនៅក្នុងរបបដឹកនាំកូរ៉េខាងជើង បើទោះបីវាជាមុខតំណែងកិត្តិយសក៏ដោយ។ ជាអ្នកជឿជាក់លើរបបកុម្មុយនីស្ត លោកបានចាប់អារម្មណ៍ខ្លាំងលើកូរ៉េខាងជើង បន្ទាប់ពីការដួលរលំរបបសហភាពសូវៀត ដែលជួនគ្នានឹងការជួបជាមួយគ្រួសារកូរ៉េខាងជើងមួយចំនួនក្នុងទីក្រុងម៉ាឌ្រីត។ លោកបានចាប់ផ្តើមធ្វើដំណើរទៅប្រទេសអាស៊ីឯកោមួយនេះ បានជួបជាមួយសពលោកគីម ជុងអ៊ីល និង ក្នុងឆ្នាំ ២០០២ លោកត្រូវបានតែងតាំងជាគណៈប្រតិភូពិសេសសម្រាប់ទំនាក់ទំនងវប្បធម៌អន្តរជាតិដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ តំណែងនេះមិនផ្លូវការទេ ប៉ុន្តែលោកចាត់ទុកតំណែងនេះជាបេសកកម្មដ៏សំខាន់សម្រាប់គាត់។ លោក Cao de Benos ឬហៅថា “Cho Sun-il” (មានន័យថាលេខ ១ ជាភាសាកូរ៉េ) បានបន្តរហូតដល់បង្កើតបានសមាគមមិត្តភាពកូរ៉េ ដែលបច្ចុប្បន្នមានគណៈប្រតិភូក្នុងប្រទេសដល់ទៅ ៣០ ជុំវិញពិភពលោក។
ក្នុងនាមជាមនុស្សដែលបង្ហាញមុខជាទៀងទាត់ក្នុងបណ្តាញផ្សព្វផ្សាយអេស្ប៉ាញដើម្បីការពារកូរ៉េខាងជើងប្រឆាំងនឹងអ្វី ដែលលោកហៅថា ការឃោសនា និងឧបាយកលរបស់លោកខាងលិច លោក Cho Sun-il បានសម្រេចចិត្តបើកហាង Pyongyang Cafe សម្រាប់ជាវិធីមួយដើម្បីផ្តល់ជូនប្រជាជននូវបទពិសោធន៍អំពីកូរ៉េខាងជើងពិតៗ។ លោកនិយាយថា "យើងចង់បំបាត់ឱ្យអស់នូវពាក្យមិនពិត និងឧបាយកលនានារបស់លោកខាងលិច។ ហើយខណៈដែលមិនសូវមានមនុស្សទៅលេងកូរ៉េខាងជើង ព្រោះវាមានសភាពស្មុគ្រស្មាញ និងឆ្ងាយ ពួកគេអាចមកហាងយើងបាន"។
បារនេះត្រូវបានលាបពណ៌ជាទង់ជាតិកូរ៉េខាងជើង រីឯជញ្ជាំងត្រូវបានព្យួរជាមួយកាតប៉ូស្ទើឃោសនាដែលយកមកពីក្រុងព្យុងយ៉ាងទាំងអស់ ហើយថែមទាំងមានធ្នើរដាក់ស្នាដៃនិពន្ធដោយមេដឹកនាំរជ្ជកាលត្រកូលគីម ដែលបានគ្រប់គ្រងកូរ៉េខាងជើងជាមួយកណ្តាប់ដៃដែកតាំងពីឆ្នាំ ១៩៤៨។
ហាង Pyongyang Cafe មានភ្ញៀវជាមធ្យមប្រហែល ៣៥ នាក់ ប៉ុន្តែលោក Cho Sun-il រំពឹងថាចំនួនភ្ញៀវនឹងកើនឡើងច្រើននៅពេលពួកគេស្គាល់ហាងនេះកាន់តែច្រើន។ លោកមានផែនការធំៗច្រើនណាស់សម្រាប់ការបើកបារមួយនេះ ដោយសង្ឃឹមថាទីបំផុតនឹងអាចប្រែក្លាយវាទៅជាមជ្ឈមណ្ឌវប្បធម៌ ដែលមានការជជែកគ្នាអំពីភោជនីសិល្បៈ និងប្រពៃណី ការបញ្ចាំងភាពយន្ត ឬ ការធ្វើបទបឋកថា៕
