adverise with khmeread Unnamed %282%29

ព័ត៌មាន​បន្ថែម​ស្តីពី ៖ បាត់​រថយន្ត​កា​ម៊​រី​ឆ្លាម​នៅ​ខណ្ឌ​សែន​សុខ មួយថ្ងៃ​តាម​មករក​ឃើញ​រថយន្ត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង ខ្លាច​សមត្ថកិច្ច​ចាប់​វាស់​ជាតិ​អាកុល មិន​ហ៊ាន​បើករថយន្ត​ទៅផ្ទះ​វិញ បាន​ទៅ​ដក​និង​ផ្ញើទុក​រថយន្ត​នៅផ្ទះ​មិត្តភក្តិ​តែ​ទុក​នៅ​ខាងក្រៅ។ លុះ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​បាត់​រថយន្ត រួច​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​នៅពេល​ព្រឹក​។ លុះ​យប់​ឡើងមក​តាម​ទាន់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់អស់​។​

    ម្ចាស់​រថយន្ត​បាន​តាម​រកឃើញ​រថយន្ត​វិញ​នេះ​កាលពី​វេ​ល​ម៉ោង៧ ​និង​៣០​នាទី​យប់​ថ្ងៃទី១៤​ ​សីហា ​ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅមុខ​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    បុរស​ជា​ម្ចាស់​រថយន្ត​កា​ម៊​រី​ឆ្លាម​ខាងលើ​ឈ្មោះ ទូច វុទ្ធី អាយុ៣៤ឆ្នាំ ជាង​ជួសជុល​រថយន្ត​ និង​ទិញ​លក់​រថយន្ត ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ រី​រថយន្ត​ម៉ាក កា​ម៊​រី​ឆ្លាម ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-8484 តែ​ត្រូវ​ចោរ​ដែល​លួច​ទៅ​ដោះដូរ​លេខ ភ្នំពេញ 2D-8164 ជំនួស​វិញ តែ​ត្រូវ​គាត់​ចំណាំ​រថយន្ត​បាន។​

    តាម​ប្រភពពី​បុរស​ម្ចាស់​រថយន្ត​បានឱ្យដឹងថា នៅវេលា​យប់​ថ្ងៃ​សៅរ៍​ទី​១៣ សីហា​រូបគាត់​បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ នៅ​ហាង​មួយកន្លែង​ម្តុំ​សាលា​ពេទ្យ អាយ​យូ​។ លុះ​ដល់ពេល​ស្រវឹង មិនអាច​បើករថយន្ត​ត្រឡប់ទៅផ្ទះ​វិញ ដោយ​គាត់​បាន​ទៅ​គេង​នៅផ្ទះ​មិត្តភក្តិ​នៅក្បែ​ងរ​កន្លែង​ហាង​ផឹកស៊ី​នោះ ហើយ​បាន​ទុក​រថយន្ត​នៅក្រៅ​ផ្ទះ។​

    ប៉ុន្តែ​គាត់​បាន​ដោះ​ខ្សែ​ក្បាល​អាគុយ​និង​ចាក់សោ​ត្រឹមត្រូវ លុះដល់​ម៉ោង​៤​ទាបភ្លឺ ឈានចូល​ថ្ងៃអាទិត្យ ទី​១៤ រូបគាត់​បាន​ស្វាង​ពី​ស្រវឹង​ភ្ញាក់​មក​មើល​រថយន្ត ក៏​ស្រាប់តែ​បាត់​រថយន្ត​មិនឃើញ​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។​

    បុរស​រូបនោះ​បាន​បន្ត​ទៀតថា លុះ​ព្រឹក​ឡើង​ទើប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក ។ បន្ទាប់មក​នៅ​យប់​ថ្ងៃអាទិត្យ​ទី១៤ សីហា​ដដែល រូបគាត់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក ស៊ី​អវី ផ្សេងទៀត ថា​ទៅលេង​ផ្ទះ​បងប្អូន​និង​ចេះតែ​ជិះ​ទៅៗ​ក្រែងលោ​ឃើញ​រថយន្ត​។​

    ខណៈពេលដែល​គាត់​បើក​តាម​បណ្តោយ​ផ្លូវ ២០០៤ បត់​មក​ផ្លូវ  ឌួង ងៀប ស្រាប់តែ​ប្រទះ​រថយន្ត​របស់គាត់​បើក​នៅ​ពីមុខ​គាត់ តែ​រថយន្ត​បាន​ប្តូរ​ស្លាក​លេខ ប៉ុន្តែ រូបគាត់​នៅ​ចំណាំ​រថយន្ត​គាត់​បាន រួច​គាត​ក៏បាន​បើក​តាម​ពីក្រោយ​រហូតមកដល់​ផ្លូវ​វេ​ង​ស្រេង​ជិត​ដល់​មុខ​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា គាត់​បាន​បើករថយន្ត​ទៅ​កាក់​រថយន្ត​នោះ​ឱ្យ​ឈប់ ហើយ​ដោយសារ​ផ្លូវ​ស្ទះ ទើប​ជនសង្ស័យ​បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់។​

    បន្ទាប់ពី​បានឃើញ​រថយន្ត​វិញ គាត់​បាន​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍ចោមចៅ​ដែលមាន​គោលដៅ​នៅក្បែរនោះ​ឱ្យមក​ជួយ​អន្តរាគមន៍ រកឃើញ​ដែក​ស្រួច​សម្រាប់​បុក​បំបែក​គ្រាប់​សោ​ចំនួន១ ស្លាក​លេខ​២​សន្លឹក និង​បាន​នាំ​រថយន្ត​ទៅ​ប៉ុស្តិ៍​ចោមចៅ រួច​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដែលជា​កន្លែងកើតហេតុ ដែល​ម្ចាស់​រថយន្ត​ដាក់ពាក្យ​បណ្តឹង ដើម្បី​ឱ្យធ្វើ​ការបន្ត៕

 

adverise with khmeread

មតិយោបល់