ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុច ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ ហើយសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ ឈ្មោះ ចាន់ វណ្ណនិត ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង ពីជនសង្ស័យរួមមានរថយន្តម៉ាក Lexus rx300 ចំនួន០១គ្រឿង។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងកសាងសំណុំរឿងទៅតុលាការនាថ្ងៃនេះ៕
