Jose Mourinho បានសាទរ Zlatan Ibrahimovic ថា "ដ៏អស្ចារ្យ" បន្ទាប់ពីគាត់អាចរកគ្រាប់បាល់ក្នុងការប្រកួតបើកឆាកលីកកំពូលអង់គ្លេស Premier League សប្តាហ៍ដំបូងសម្រាប់ក្រុមបិសាចក្រហម Manchester United កាលពីយប់ថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានបាញ់កម្ទេចម្ចាស់ផ្ទះជាមួយនឹងគ្រាប់បាល់ ១៨ម៉ែត្រមួយគ្រាប់ក្នុងនាទី៦៤ ដែលជាគ្រាប់បាល់ទីបីរបស់បិសាចក្រហម មុនពេលដែលម្ចាស់ផ្ទះវាយបកបានមួយគ្រាប់មកវិញនៅប្រាំនាទីបន្ទាប់។ Man Utd បានធានាបីពិន្ទុត្រឡប់ទៅផ្ទះវិញសម្រាប់សប្តាហ៍បើកឆាកដ៏ជោគជ័យរបស់ពួកគេ ក្រោយផ្តួល Bournemouth ក្រៅទឹកដី ៣-១។
អ្នកចាត់ការទូទៅថ្មីរបស់ក្រុមបិសាចក្រហមរូបនេះរីករាយជាខ្លាំងចំពោះការលេងដ៏ល្អរបស់ Ibrahimovic បន្ទាប់ពីដាក់ឱ្យរូបគេលេងពេញម៉ោងនៅថ្ងៃបង្ហាញមុខដំបូង ហើយអ្នកចាត់ការរូបនេះទទូចថាក្រសែភ្នែករបស់អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតរូបនេះគឺមាននៅតែលើរឿងមួយគត់ប៉ុណ្ណោះ គឺស៊ុតបញ្ចូលទី។
Mourinho បានបញ្ជាក់ថា "វាពិតជារឿងដ៏មិនគួរឱ្យជឿ ហេតុដូចម្តេចបានជា Zlatan Ibrahimovic មិនធ្លាប់ឈ្នះ Golden Ball"។
គាត់បានបន្តទៀតថា "គាត់ចង់ឈ្នះ Premier League ដែលមិនមែនជា Golden Ball នោះឡើយ។ សម្លាញ់ម្នាក់នេះគឺលើសពីកីឡាករធម្មតាម្នាក់ទៅទៀត។ សម្រាប់ពីររដូវកាលបន្ទាប់ខ្ញុំគិតថាគាត់អាចជាកីឡាករដ៏អស្ចារ្យសម្រាប់ក្រុមបិសាចក្រហម និង Premier League"៕
