adverise with khmeread 9 signs he%e2%80%99s not the right man for you

សញ្ញា ៩ យ៉ាងដែលថាគាត់មិនមែនជាបុរសសក្តិសមសម្រាប់អ្នក

ប្រសិនបើអ្នកកំពុងស្វែងរកគូស្នេហ៍ អ្នកច្បាស់ជាព្យាយាមស្វែងរកមនុស្សម្នាក់ដែលអ្នកពិតជាចូលចិត្ត ហើយអាចធ្វើជាដៃគូអនាគតជាមួយគ្នាបាន។ វាងាយស្រួលទេក្នុងការព្រងើយកន្តើយនឹងរឿងតូចតាចមួយចំនួនដែលគូស្នេហ៍បានប្រព្រឹត្តឡើង ប៉ុន្តែវាមិនមែនជារឿងឆ្លាតទេដែលធ្វើមិនដឹងមិនឮចំពោះរឿងទាំងនោះ។ យើងទាំងអស់គ្នាសុទ្ធតែមានកំហុស ប៉ុន្តែកំហុសខ្លះវាធំពេករហូតមិនអាចអត់ឱនឲ្យបានទេ។ ខាងក្រោមនេះគឺជាសញ្ញាប្រាកដមួយចំនួន ដែលថាគាត់មិនមែនជាបុរសដែលសក្តិសមសម្រាប់អ្នក។ ​  

១- គាត់មិនអាចទទួលយកការពិតដែលថាអ្នកធ្លាប់មានរឿងអតីតកាល
មនុស្សគ្រប់គ្នាសុទ្ធតែមានអតីតកាល។ ប្រសិនបើមិត្តប្រុសរបស់អ្នកអាក់អន់ចិត្តអំពីការពិតដែលថាអ្នកធ្លាប់មានមិត្តប្រុសដទៃទៀត គាត់ប្រហែលមិនមែនជាបុរសដែលសក្តិសមសម្រាប់អ្នកនោះទេ។ រឿងចុងក្រោយដែលអ្នកមិនចង់បានគឺការដែលមានអារម្មណ៍ខុស ដែលខ្លួនធ្លាប់មានជីវិតស្នេហាមួយមុនគាត់។ អតីតកាលរបស់អ្នកមិនគួរក្លាយជារឿងមួយ ដែលមិត្តប្រុសរបស់អ្នកយកមកសួរអ្នក ឬប្រើមកដាក់បន្ទុកលើអ្នកនោះទេ។ ប្រសិនបើគាត់ធ្វើរឿងនេះមែន អ្នកគួរតែដោះដៃជាមួយគាត់ទៅ។

 

២- គាត់មានភាពអាត្មានិយមរឿងលើគ្រែ
ប្រសិនបើបុរសដែលអ្នកកំពុងទាក់ទងមានភាពអាត្មានិយមរឿងលើគ្រែ នោះវាគឺជារឿងមួយដែលអ្នកត្រូវតែដោះស្រាយជាបន្ទាន់។ គាត់គួរតែបារម្ភពីភាពស្រណុកសុខស្រួលរបស់អ្នកឲ្យដូចគាត់បារម្ភពីភាពស្រណុកសុខស្រួលរបស់គាត់ផងដែរ។ ប្រសិនបើអ្នកទុកឲ្យគាត់នៅអាត្មានិយមបែបនេះ នោះនឹងគ្មានអ្វីអាចផ្លាស់ប្តូរបានងាយៗនោះឡើយ។ 

៣- គាត់សម្តែងការច្រឡោតនៅពេលអ្នកបង្ហាញអារម្មណ៍របស់អ្នក
គេបានដឹងមកហើយថាបុរសៗមិនចូលចិត្តទេនៅពេលនារីៗពូកែរំអួយ។ វាធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយពួកគាត់ក៏មិនដឹងពីរបៀបធ្វើឲ្យនារីមានអារម្មណ៍ប្រសើរវិញដែរ។ នេះនៅមិនទាន់អាចប្រៀបធៀបនឹងបុរសមួយចំនួន ដែលច្រឡោតខឹងមួយរំពេចនៅពេលមនុស្សស្រីរំអួយ ឬកំពុងតូចចិត្តរឿងអ្វីមួយ។ ប្រសិនបើមិត្តប្រុសរបស់អ្នកច្រឡោតខឹងដោយសារតែរឿងអ៊ីចឹងៗ នោះអ្នកប្រហែលជាទាក់ទងបុរសខុសហើយ។ យើងទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍ផ្ទាល់ខ្លួន​ដែលត្រូវតែបញ្ចេញមកដោយសេរី។ ប្រសិនបើអ្នកនៅជាមួយបុរសបែបនេះរយៈពេលយូរអង្វែង នោះអ្នកប្រហែលជាត្រូវខំប្រឹងទប់អារម្មណ៍ខ្លួនឯងជានិច្ច​​ ហើយនេះមិនល្អសម្រាប់អ្នកនោះទេ។

   

៤- គាត់មានចរិកបាតផ្សារ និងច្រលើសបើស
មនុស្សមួយចំនួននិយាយថាការដែលមានចរិកបាតផ្សារក្នុងទីសាធារណៈគឺមិនអាចទទួលយកបាននោះទេ តែវារឹតតែមិនអាចទទួលយកបានក្នុងជីវិតឯកជន។ ប្រសិនបើមិត្តប្រុសរបស់អ្នកឈ្លើយ និងច្រលើសបើសជាមួយអ្នកក្នុងជីវិតឯកជន អ៊ីចឹងនេះគឺជារឿងគួរឲ្យបារម្ភហើយ។ ប្រសិនបើគាត់អាចគ្រប់គ្រងខ្លួនឯងបានក្នុងចំណោមហ្វូងមហាជន អ៊ីចឹងគាត់ក៏អាចធ្វើវាបាននៅពេលគាត់នៅជាមួយអ្នកជាលក្ខណៈឯកជនផងដែរ។ ប្រសិនបើគាត់ជ្រើសរើសមិនគ្រប់គ្រងខ្លួនឯងទេ អ៊ីចឹងអ្នកប្រហែលជាត្រូវឈប់ខន្តី ហើយផ្តាច់ទំនាក់ទំនងជាមួយគាត់ទៅ។ 

៥-​ គាត់តែងតែវិនិច្ឆ័យលើអ្នកជានិច្ច
អ្នកច្បាស់ជាដឹងហើយថា អ្នកគួរតែស្រឡាញ់ខ្លួនឯង ប៉ុន្តែវាមិនអាចទៅរួចនោះទេក្នុងការគោរពខ្លួនឯងនៅពេលដែលដៃគូរបស់អ្នកមិនព្រមឈប់វិនិច្ឆ័យ និងរិះគន់លើអ្នក។ រៀងរាល់ថ្ងៃ គាត់ធ្វើឲ្យអ្នកនឹកឃើញថាអ្នកជាមនុស្សយ៉ាប់ប៉ុនណា និងមានគុណវិបត្តិច្រើនប៉ុនណា។ ជាងនេះទៅទៀត គាត់មិនដែលអត់ឱននូវកំហុសរបស់អ្នក និងស្តីបន្ទោសអ្នកចំពោះអ្វីៗទាំងអស់ ដែលអ្នកបានធ្វើខុស។ ចុងក្រោយអ្នកនឹងមានអារម្មណ៍ដូចជាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នក ហើយអ្នកជាមនុស្សដែលអាក្រក់ជាងគេបំផុតក្នុងពិភពលោក។​ អ្នកស្អាត ឆ្លាត ហើយអស្ចារ្យណាស់ តែគាត់ទេដែលមិនមែនជាបុរសសក្តិសមសម្រាប់អ្នក។

៦- អ្នកមិនមែនជាមនុស្សសំខាន់របស់គាត់
តើអ្នកដែលមានអារម្មណ៍ថាអ្នកមិនមែនមនុស្សសំខាន់របស់គាត់ដែរឬទេ? តើគាត់ចំណាយពេលយ៉ាងច្រើនជាមួយមិត្តភក្តិរបស់គាត់ដោយមិនឲ្យអ្នកដឹងពីរឿងនេះដែរឬទេ? តើអាជីពការងារ និងគោលដៅហិរញ្ញវត្ថុរបស់គាត់សំខាន់ជាងអ្នកមែនដែរឬទេ? នៅពេលអ្នកនិងដៃគូរបស់អ្នកចំណាយពេលជាមួយមិត្តភក្តិ តើអ្នកមានអារម្មណ៍ថាអ្នកមិនមានចំណែកអីសំខាន់មែនដែរទេ? ​វាហាក់ដូចជាគាត់ដើរលេងជាមួយមិត្តគាត់តែម្នាក់ឯង រីឯអ្នកវិញមិនមែនជាមិត្តស្រីរបស់គាត់នោះទេ។  

៧- គាត់មិនចេះបង្ហាញអារម្មណ៍អ្វីទាំងអស់
វាជារឿងជាក់ស្តែងដែលស្ត្រីភាគច្រើនបដិសេធមិនព្រមទទួលស្គាល់ថា​ ដៃគូរបស់ពួកគេពុំមានអារម្មណ៍អ្វីពិតប្រាកដនោះទេ។ ប្រសិនបើអ្នកនៅជាមួយគ្នារាប់ខែឬរាប់ឆ្នាំ ហើយគាត់ពុំចេះបង្ហាញអារម្មណ៍របស់គាត់សោះ តើអ្នកត្រូវរង់ចាំយូរប៉ុនណាទៀត? ប្រសិនបើគាត់លង់ស្នេហ៍នឹងអ្នក គាត់ច្បាស់ជាឲ្យអ្នកដឹងពីអារម្មណ៍របស់គាត់។ ការរក្សានូវទំនាក់ទំនង ដែលគ្មានអនាគតគឺបានត្រឹមតែខាតបង់ពេលវេលា និងការប្រឹងប្រែងឥតប្រយោជន៍ប៉ុណ្ណោះ។ ត្រូវគិតគូរឡើងវិញឲ្យបានច្បាស់។

៨- គាត់និយាយកុហក
តើគាត់បាននិយាយកុហកអំពីកន្លែងដែលគាត់បម្រុងនឹងទៅ កន្លែងដែលគាត់បានទៅ និងនរណាដែលគាត់បានជួបដែរឬទេ? គ្រប់ពេលដែលអ្នកសួរគាត់អ្វីមួយ គាត់ប្រើពេលពីរឬបីនាទីរកនឹករឿងកុហកថ្មីមួយ ហើយគាត់មិនដែលចាំនូវអ្វីដែលគាត់បាននិយាយម្សិលមិញទេ (ឬកាលពីមួយម៉ោងមុនទេ)។ ការកុហករឿងតូចតាចគឺមិនអីនោះទេ ប៉ុន្តែបើការកុហកនោះធ្ងន់ធ្ងរពេកវាល្មមអាចជាហេតុផលដែលអ្នកត្រូវចែកផ្លូវជាមួយគាត់ហើយ។ 

៩- គាត់មិនចង់និយាយអំពីរឿងអនាគត
មិនថាអ្នកទាំងពីរនៅជាមួយគ្នាយូរប៉ុនណានោះទេ គូស្នេហ៍គួរតែត្រូវពិភាក្សារឿងអនាគតជានិច្ច។ វាប្រហែលជាឆាប់បន្តិចដែលត្រូវនិយាយពីរឿងយកកូន ប៉ុន្តែអ្នកគួរតែមានការជជែកគ្នាអំពីព្រឹត្តិការណ៍អនាគតឲ្យបានច្បាស់លាស់។ វាអាចជាការធ្វើដំណើរកម្សាន្តនៅពេលបន្ទាប់ ការធ្វើដំណើរតាមផ្លូវឆ្ងាយ ឬអាពាហ៍ពិពាហ៍ជាដើម ពោលគឺតែងតែមានរឿងត្រូវពិភាក្សាជាមួយដៃគូរបស់អ្នកជានិច្ច។ ប្រសិនបើគាត់គេចមិននិយាយពីរឿងអនាគត អ៊ីចឹងគាត់មិនមែនជាបុរសសក្តិសមសម្រាប់អ្នកទេ។ 

ការមានគូស្នេហ៍គឺជាកំឡុងពេលមួយដែលកំពុងមានទំនាក់ទំនងនឹងគ្នា ហើយជាពេលដែលអ្នកត្រូវសម្រេចចិត្តថាតើមនុស្សម្នាក់នោះសក្តិសមនឹងអ្នកឬក៏អត់។ គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ប៉ុន្តែប្រសិនបើដៃគូប្រព្រឹត្តតាមរបៀបមួយ ដែលមិនធ្វើឲ្យអ្នកសប្បាយចិត្ត អ៊ីចឹងវាជាគំនិតល្អណាស់ដែលត្រូវចាកចេញពីទំនាក់ទំនងមួយនេះ។ ត្រូវចេះស្រឡាញ់ និងគោរពខ្លួនឯង ហើយចូរចាំថា អ្នកសក្តិសមនឹងបុរសដែលល្អជាងនេះ៕ 

 

ប្រភព៖ វ៉ូមែនណាយលី

adverise with khmeread

មតិយោបល់