ភ្នំពេញ៖ បុរសជាងសំណង់ម្នាក់បានឆក់ខ្សែភ្លើងរបួសធ្ងន់ ខណៈពេលកំពុងឡើងទៅចាប់ជ្រីនៅបុរីលឹមឈាងហាក់ រួចហើយអ្នកនៅក្បែរនោះក៏នាំជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ដើម្បីឱ្យជួយឱ្យដឹងខ្លួនវិញ។ គ្រោះថ្នាក់ការងារនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ភូមិម័រ សង្កាត់-ខណ្ឌដង្កោ។
តាមសំដីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ឆក់ខាងលើនេះគឺដោយសារសំយ៉ាបផ្ទះនិងបង្គោលខ្សែភ្លើងស្រាតនៅកៀកជាប់គ្នា។ ដោយមានទឹកសើមៗផង ខ្សែភ្លើងស្រាតក៏បានស្រូបឆក់ជនរងគ្រោះធ្លាក់ចុះមកដីបណ្តាលឱ្យរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនតាមរថយន្តសាមុយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ម៉ា បឿន អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់។ ចំណែកប្រពន្ធជនរងគ្រោះមានឈ្មោះណាវី វ័យ ៣៤ឆ្នាំ ស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើមានស្រុកកំណើតនៅស្រុករមាសហែកខេត្តស្វាយរៀង។
បន្ទាប់ពីកប់ដីខ្សាច់រួច ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរុស្ស៊ី៕
