លោក Arsene Wenger បានចេញមកអះអាងយ៉ាងចម្លែកថាកាំភ្លើងធំ Arsenal មិនបានរៀបចំខ្លួនទុកជាមុនសម្រាប់រដូវកាលថ្មីរួចរាល់នៅឡើយទេ គឺប្រាំពីរថ្ងៃបន្ទាប់ពីបានទទូចថាក្រុមរបស់គាត់បាន "រៀបចំខ្លួនជាស្រេចផ្នែកសម្បទា"។
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំរូបនេះបានចាប់ផ្តើមការប្រកួតបើកឆាកសប្តាហ៍ដំបូងរបស់ខ្លួនដោយទុកចោលកីឡាករសំខាន់ៗរបស់ខ្លួនចំនួនបីរូបក្នុងជំនួបជាមួយ Liverpool កាលពីយប់មិញ ដែលក្នុងនោះរួមមាន Mesut Ozil, Olivier Giroud និង Laurent Koscielny។ កីឡាករសំខាន់ទាំងបីនេះសុទ្ធតែបានត្រឡប់មកជំរំហ្វឹកហាត់ទាំងអស់កាលពីសប្តាហ៍មុនបន្ទាប់ពីបង្ហាញខ្លួននៅព្រឹត្តិការណ៍ Euro 2016 ។
Alexis Sanchez និង Aaron Ramsey ដែលបានជួបបញ្ហារបួសសរសៃពួរគន្លាក់ជើងកាលពីយប់មិញ បានចាប់ផ្តើមក្នុងការប្រកួត ទោះបីជាបានហ្វឹកហាត់ត្រឹមតែរយៈពេលពីរសប្តាហ៍នៃអំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលក៏ដោយ។ Alex Iwobi ក៏ទទួលបញ្ហារបួសភ្លៅផងដែរកាលពីយប់មិញ។
ដោយធ្វើការបកស្រាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនក្នុងជំនួបមិត្តភាពរបស់ពួកគេដែលឈ្នះទៅលើ Manchester City ក្នុងទីក្រុងប៉េកាំង Wenger បាននិយាយថា "ខ្ញុំមានអារម្មណ៍ថាយើងអាចមើលឃើញបានថាយើងអាចលេងជាមួយគ្នាបាននាខណៈពេលនេះ កាយសម្បទាយើងមើលទៅគឺត្រៀមរួចជាស្រេច"។
ប៉ុន្តែអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំរូបនេះបានផ្លាស់ប្តូរចិត្តរបស់គាត់ បន្ទាប់ពីបានអង្គុយមើលក្រុមរបស់គាត់បរាជ័យលើកទីបីក្នុងការប្រកួតបើកឆាកបួនលើកចុងក្រោយនេះ ដោយនិយាយថា "យើងមិនទាន់រៀបចំខ្លួនរួចរាល់នោះទេផ្នែកកាយសម្បទា។ យើងកំពុងស្ថិតក្នុងស្ថានភាពតាមច្បាមយកកីឡាករ ២២នាក់ដែលលេងនៅ Euro មកវិញ ដូចនេះអ្នកនឹងត្រូវផ្តល់ឱ្យកីឡាករនូវការសម្រាកមួយចំនួនដែលពួកគេត្រូវការ"។
គាត់បានបន្តទៀតថា "ពួកគេមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយទេដើម្បីលេងក្នុងការប្រកួតបែបនេះបានទេ ហើយបើរបួស Ramsey អ្នកនឹងឱ្យពួកគេសម្រាក ហើយអ្នកនឹងមិនមានពួកគេសម្រាប់ការចាប់ផ្តើមប្រកួតទេ។ ពេលណាដែលយើងត្រៀមខ្លួនរួចរាល់? ខ្ញុំមិនដឹងឡើយ។ យើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់នៅសប្តាហ៍ក្រោយដោយសារតែយើងទៅទឹកដី Leicester "៕
