នារីម្នាក់ដែលបានផ្គូរផ្គងឱ្យជួបជាមួយអត្តពលិកហែលទឹកនៅលើ App ណាត់ជួបលើអនឡាញ Tinder ប៉ុន្តែបានបដិសេធសាររបស់គាត់នោះ បាននិយាយថា នាងមានការសោកស្តាយ បន្ទាប់គាត់បានឈ្នះមេដាយមាស និងក្លាយជាវីរបុរសសិង្ហបុរី។
និស្សិតស្រី ដែលត្រូវបានគេស្គាល់នៅលើបណ្តាញសង្គម Twitter ឈ្មោះថា @sabwow បានចែកចាយសារចែចង់គ្នាមួយរបស់នាងជាមួយ Scholing ប៉ុន្តែនាងមិននឹកស្មានថាការសន្ទនាខ្លីដ៏មិនគួរឱ្យជឿនោះ គឺជាមួយ អនាគតវីរបុរសសិង្ហបុរីទាល់តែសោះ ដែលវាធ្វើឱ្យនាងសោកស្តាយជាខ្លាំង ដែលមិនបានសន្ទនាឱ្យបានយូរជាមួយគាត់។
Joseph វ័យ ២១ឆ្នាំបានយកឈ្នះលើវិញ្ញាសាហែលទឹកមេអំបៅចម្ងាយ ១០០ម៉ែត្រផ្នែកបុរសកាលពីថ្ងៃទី១២ សីហា និងទើបទទួលបានរង្វាន់ ១ លានដុល្លារសិង្ហបុរី ខណៈដែលគាត់បានផ្តួលនិមិត្តរូបរបស់ខ្លួន Michael Phelps ដែលគេដាក់រហស្សនាមថាស្តេចហែលទឹករបស់សហរដ្ឋអាមេរិកនោះ។
និស្សិតសាកលវិទ្យាល័យរដ្ឋតិចសាស់ដែលបានឆ្លើយឆ្លងជាមួយ Joseph ដោយចៃដន្យរូបនេះ បានដាក់ចំណងជើងទៅលើកាលបរិច្ឆេទនៃរូបថត Screenshot របស់នាងថា "Tinder របស់ខ្ញុំផ្គូរផ្គងជាមួយនឹងបុរសដែលទើបនឹងឈ្នះវិញ្ញាសាហែលទឹកចម្ងាយ ១០០ម៉ែត្រវគ្គផ្តាច់ព្រ័ត្រ ហើយបានផ្តួល Michael Phelps"។
Joseph ជាអ្នកមកពីសិង្ហបុរី ប៉ុន្តែគាត់បានមកសិក្សា និងបណ្តុះបណ្តាលផ្នែកហែលទឹកក្នុងរដ្ឋតិចសាស់ ដែលគាត់បានផ្តួចផ្តើមការសន្ទនានោះកាលពីខែមេសាកន្លងទៅ ដោយសរសេរថា "ហ្អេ! សុខសប្បាយជាទេ ស្រីស្អាត?"។ នាងបានតបវិញថា "មានអី សុខសប្បាយតើ! ចុះអ្នកវិញ?" ជាមួយនឹងរូបបង្ហាញពីអារម្មណ៍មួយតែប៉ុណ្ណោះ។
ប៉ុន្តែបន្ទាប់ពីម្ចាស់មេដាយមាសបានសរសេរថា "ល្អ អរគុណ! តើអ្នកនាងធ្វើការងារអ្វី?” នាងបានបដិសេធនឹងគាត់។
នាងបានទទួលស្គាល់នៅលើបណ្តាញសង្គម Twitter របស់នាងកាលពីថ្ងៃទី ១៣ សីហាថាការបដិសេធជាមួយគាត់គឺកំហុសដ៏ធ្ងន់ធ្ងរបំផុត ដោយនាងបានសសេរថា "ការដែលមិនតបសាររបស់គាត់គឺជាបរាជ័យដ៏ធំបំផុតរបស់ខ្ញុំ"៕
