adverise with khmeread Unnamed %281%29

អគ្គនាយកដ្ឋាន​ការងារ​គ្រង​ម្ចាស់​ជើងឯក​ពានរង្វាន់​យុវជន​ក្រសួង​ការងារ និង​បណ្តុះ​វិជ្ជាជីវៈ​រដូវ​កាល ២០១៦

    ភ្នំ​ពេញ ៖ ក្រុមបាល់ទាត់​អគ្គនាយកដ្ឋាន​ការងារ​បាន​គ្រង​ម្ចាស់​ដំណែង​ជើងឯក ពានរង្វាន់​យុវជន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ទី​២ រដូវ​កាល ២០១៦ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​ពេទ្យ ការងារ ដោយ​បាល់​ប៉េ​ណា​ល់​ទី កាលពី ល្ងាច​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីលាន Real Soccer រាជធានី​ភ្នំពេញ​។​

    នៅក្នុង​ការប្រកួត​យ៉ាង​ស្វិតស្វាញ ពេញ​ម៉ោង ក្រុម​អគ្គនាយកដ្ឋាន​ការងារ និង​ក្រុម​អគ្គនាយកដ្ឋាន​ពេទ្យ ការងារ រក្សា​លទ្ធផល ស្មើគ្នា ១​ទល់​១ ហើយ​ក្រុម​ទាំងពីរ​ត្រូវបាន​កាត់សេចក្តី​ដោយ​ប៉ាល់ ប៉េ​ណា​ល់​ទី​ជាមួយ នឹង​លទ្ធផល ៣​ទល់​២ ដោយ​ក្រុម​អគ្គនាយកដ្ឋាន​ការងារ ជា​អ្នក​គ្រង​ម្ចាស់​ដំណែង​ជើងឯក ខណៈ​ជើងឯក​រង បាន​ទៅលើ​អគ្គនាយកដ្ឋាន​ពេទ្យ​ការងារ ហើយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​មន្ទីរ​ការងារ​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​។​

    ព្រឹត្តិការណ៍​ពានរង្វាន់​ក្រៅ​អាជីព​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១៣​ក្រុម តាម​រូបមន្ដ​វិលជុំ​មួយ​ជើង ដោយ ក្រុម​សន្សំ​ពិន្ទុ​បាន​ច្រើនជាងគេ ៤​ក្រុម​ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​ជា លទ្ធផល​ក្រុម​អគ្គនាយកដ្ឋាន​ការងារ និង​ក្រុម​អគ្គនាយកដ្ឋាន​ពេទ្យ​ការងារ ក៏​ដណ្ដើមបាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

    លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ពាន​នេះ​បង្កើតឡើង ដើម្បី​ផ្ដល់ឱកាស​ឲ្យ​គ្រួសារ​នៃ​ក្រសួង​ការងារ​បាន​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព និង​រឹតចំណង​មិត្តភាព​ផងដែរ ពិសេស​គឺ​លោក​បាន​សន្យាថា​នឹង​បន្ដ​រៀបចំ​ព្រឹត្តិការណ៍​នេះ​រហូត ដើម្បី​ជាការ រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅលើ​ទឹក ដី​កម្ពុជា​។ 

    លើសពីនេះទៅទៀត លោក​រដ្ឋមន្ដ្រី​ថែមទាំង​បានបង្ហាញ​ពី​មហិច្ឆតា​ចង់​បង្កើត​ក្រុមបាល់ទាត់ ក្រសួង​ការងារ​មួយ ដើម្បី​លេង​ពាន​ជើងឯក​ថ្នាក់ជាតិ ឬ​លី​គ​កំពូល​កម្ពុជា នៅ​ថ្ងៃ​អនាគត​ទៀតផង​។​

    សូមបញ្ជាក់ថា ក្រុម​ជ័យលាភី ពានរង្វាន់​យុវជន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រដូវ​កាល​ទី​២ ក្រុម​ជើងឯក​អគ្គនាយកដ្ឋាន​ការងារ ទទួលបាន​មេដាយមាស និង​ពាន​ធំ​១ អមដោយ​ប្រាក់រង្វាន់ ២​លាន​រៀល ខណៈ​ក្រុម​ជើងឯក​រង អគ្គនាយកដ្ឋាន​ពេទ្យ​ការងារ ទទួលបាន​មេដាយប្រាក់ អមដោយ​ប្រាក់រង្វាន់ ១​លាន ៥​សែន​រៀល និង​ក្រុម​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ ដោយ​ដោយ​ប្រាក់រង្វាន់ ១​លាន​រៀល​៕

adverise with khmeread

មតិយោបល់