adverise with khmeread Untitled 1

ពិធីករ​ប៉ុស្តិ៍ BBC ភ្ញាក់​ពីរ​បួស​ខួរក្បាល ស្មានតែ​ខ្លួនឯង​ជា​អ្នក​ប្រណាំង​រថយន្ត​ក្នុង​ទសវត្សរ៍​ទី ៥០

    ​ថ្មីៗ​នេះ​ពិធីករ​ប៉ុស្តិ៍ BBC ម្នាក់​បាន​ប្រាប់​ពី​របៀប​ដែល​លោក​ប៊ិះ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ហើយ​បាន​ភ្ញាក់ឡើង​ពី​សន្លប់​ស្តូកស្តឹង​ដោយ​ស្មានថា​ខ្លួន​កំពុងស្ថិត​ក្នុង​ឆ្នាំ ១៩៥២ និង​ស្មានថា​ខ្លួនឯង​ជា​អ្នក​ប្រណាំង​រថយន្ត​ជនជាតិ​អាមេរិក​។ នេះ​បើតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ១៥ សីហា​។ 

​    ​លោក Will Glennon អាយុ ៤៤ ឆ្នាំ បាន​ប៉ះទង្គិច​ក្បាល​ជាមួយ​រថយន្ត​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Tesco ដែល​បើក​ក្នុង​ល្បឿន ៦៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បាក់ឆ្អឹង​គ្រប់កន្លែង ធ្លុះ​សួត និង ត្រូវរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។ 

​    ​រឿង​ចុងក្រោយ​ដែល​គាត់​នៅ​ចង​ចាំបាន​គឺ​បង្ហើយ​កិច្ចការ​នៅ​ថ្ងៃ​ជួប​គ្រោះថ្នាក់​នោះ ហើយ​បាន​ភ្ញាក់ឡើង​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ ១២ សប្តាហ៍​ក្រោយ ដោយ​ស្មានតែ​គាត់​កំពុង​នៅក្នុង​សហរដ្ឋអាមេរិក នា​ទសវត្សរ៍ ១៩៥០​។ 

​    ​លោក Will Glennon ពិធីករ​ប៉ុស្តិ៍ BBC Points West បាន​និយាយថា "​ពួកគេ (​ពេទ្យ​) ប្រាប់​ខ្ញុំ​ថា ពួកគេ​បាន​សួរ​ខ្ញុំ ៣ សំណួរ​៖ តើ​អ្នក​នៅឯណា​? តើ​នេះ​ជា​ឆ្នាំ​អ្វី​? តើ​អ្នក​ប្រកបការងារ​អ្វី​? ខ្ញុំ​និយាយថា ខ្ញុំ​កំពុង​នៅ​អាមេរិក​, វា​ជា​ឆ្នាំ ១៩៥២ ហើយ​ខ្ញុំ​ជា​អ្នកបើករថយន្ត​ប្រណាំង​"​។​

​    ​លោក​បន្តថា "​ខ្ញុំ​បាន​មើលទៅ​ប្រដាប់ប្រដា​ពេទ្យ​ជុំវិញខ្លួន​ខ្ញុំ និង​និយាយថា តើន​រណា​ជា​អ្នកចេញលុយ​ទិញ​របស់​ទាំងអស់នេះ​?"​។ 

​    ​លោក​និយាយទៀតថា "​វា​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ចងចាំ​ឡើងវិញ ហើយ​ខ្ញុំ​នៅចាំ​តែ​រឿង​ចុងក្រោយ​ពី​បួន​សប្តាហ៍​មុន បន្ទាប់ពី​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​។ វា​ត្រូវ​ចំណាយពេល​ច្រើន​ខែ​ទម្រាំ​ការចងចាំ​វិលត្រឡប់​មកវិញ​។ វា​ជា​ដំណើរការ​ជាសះស្បើយ​ដ៏​យឺត​បំផុត​"​។​

​    ​គួរ​បញ្ជាក់ថា លោក​បាន​ជួប​គ្រោះថ្នាក់​ពេល​កំពុង​ជិះ​កង់​ក្នុង​ល្បឿន ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ពេល​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន Tesco កាលពី​ខែតុលា ២០១៤​។ ហើយ​ទើបតែ​ថ្ងៃទី ១៥ សីហា​នេះ​ប៉ុណ្ណោះ ដែល​លោក​ចេញមក​និយាយប្រាប់​ពីអ្វី​ដែល​បាន​កើតឡើង​ចំពោះ​រូបលោក​កាលពី​គ្រានោះ​៕

​ប្រភព​៖ dailymail 

adverise with khmeread

មតិយោបល់