ថ្ងៃណាត់ជួបគ្រាដំបូងគឺជាពេលវេលាដ៏គួរឱ្យភ័យបារម្ភសម្រាប់សង្សារថ្មីថ្មោងជានិច្ច។ ហេតុនេះហើយវាជាការចាំបាច់ណាស់ ដែលអ្នកគួរដឹងថាមិនគួរធ្វើរឿងអ្វីខ្លះនៅថ្ងៃណាត់ជួបសង្សារគ្រាដំបូង។
១. កុំសម្រេចស្ទួក ឬស្ពឹកស្រពន់ខ្លាំងពេក
ប្រសិនបើសង្សារអ្នកសួរថាចង់ទៅកន្លែងណា ឬចង់ទទួលទានអ្វី កុំធ្វើជាមិនខ្វល់ ឬមិននិយាយអ្វីទាំងអស់។ គ្មាននរណាម្នាក់ចូលចិត្តមនុស្ស ដែលចាំទាល់តែគេរុញរហូតនោះទេ ដូច្នេះ ប្រសិនបើអ្នកមិនចង់ ឬ ចង់ធ្វើអ្វីមួយ ត្រូវនិយាយវាចេញមក។ ការនិយាយវាចេញមកជួយឱ្យគេដឹងថាអ្នកចង់បានអ្វីពិតប្រាកដ ប៉ុន្តែកុំអាងយ៉ាងពេក។
២. ហាមស្លៀកពាក់ដែលពិបាកដល់ខ្លួនឯង
កុំស្លៀកពាក់ខ្លីពេក ឬតឹងពេក ប្រសិនបើអ្នកមិនស្រួលពេលស្លៀកពាក់វា។ ការបារម្ភថ្ងៃណាត់ជួបគ្រាដំបូងជារឿងពិបាកមួយហើយៗបើអ្នកស្លៀកពាក់ដែលធ្វើឱ្យខ្លួនរឹតតែពិបាកទៀតនោះ ស្ថានការណ៍នឹងកាន់តែលំបាកមួយតង់ទៀត។ ត្រូវស្លៀកពាក់ដែលស្រួលដល់ខ្លួនឯង និងត្រូវរក្សាចិត្តឱ្យស្ងប់ និងផ្ចង់អារម្មណ៍ឱ្យបានមូល។
៣. កុំរវល់ចុចទូរស័ព្ទ
គ្មាននរណាម្នាក់ចង់មកណាត់ជួបគ្នាមើលអ្នកចុចទូរស័ព្ទនោះទេ។ ឆែកមើលទូរស័ព្ទរាល់ ២ នាទីម្តង និងឆ្លើយតបគ្រប់សារដែលបន្លឺឡើងគ្រប់ពេលបានត្រឹមតែធ្វើឱ្យសង្សារថ្នាំងថ្នាក់ចិត្តតែប៉ុណ្ណោះ។
៤. កុំរំពឹងថាគេប៉ាវអ្នកឱ្យសោះ
មិនថាខាងប្រុសឬស្រីណាត់មុននោះទេ សូមកុំរំពឹងថាគេនឹងជួយចេញលុយឱ្យ ដោយគ្រាន់តែគេបបួលណាត់ជួបគ្នាឱ្យសោះ។ យកល្អគួរណាត់គ្នាដំបូងនៅកន្លែងផឹកកាហ្វេ ឬ ទទួលទានបង្អែម ព្រោះវាមានហានិភ័យចំណាយទាប ប្រសិនបើអ្នកត្រូវតែប៉ាវគេជាដាច់ខាតនោះ។
៥. កុំនិយាយតែម្នាក់ឯងច្រើនពេក
កុំនិយាយតែម្នាក់ឯងច្រើនពេក។ ការណាត់ជួបគ្នាគឺជាការជជែករវាងមនុស្សពីរនាក់ បើនិយាយតែឯងដដែលតើណាត់ជួបគ្នាធ្វើអ្វី? ផ្តល់ពេលវេលាឱ្យដៃគូបាននិយាយផង៕
