ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នៅចំណុចស្ថានទូតឥណ្ឌូណេស៊ីលើផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកភូសា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR .7332 ក្នុងទិសដៅពីលិចទៅកើតអត់ពាក់មួកសុវត្ថិភាព។
ខណៈមកដល់ចំណុចកើតហេតុស្រាប់តែដួលបោកក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ចំណែក ជនរងគ្រោះនៅតែមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ។ បច្ចុប្បន្នសពបានទៅដំកល់នៅវត្តសំបួរមាសរង់ចាំសាច់ញាតិមកធ្វើបុណ្យ៕
