ភ្នំពេញ ៖ រថយន្ដកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូហុងដាឌ្រីមC125ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យម៉ូតូកៀបជាប់ក្រោមកង់រថយន្ដខូចខ្ទេច តែមិនបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសនោះទេ។
គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្តុបលូ៥ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1850 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវវេងស្រេង។
ពេលដែលកំពុងឆ្លងក៏ត្រូវរថយន្ដកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3D-2336 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចបុកចំក្បាលម៉ូតូបណ្ដាលឱ្យដួលទៅលើថ្នល់កិនពីលើខ្ទេចផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសនោះទេ ចំណែកតៃកុងរថយន្ដចុះរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ជាងមួយម៉ោងដោយសារតែរថយន្ដនិងម៉ូតូនៅចំពាក់កណ្ដាលផ្លូវ។ ក្រោយមកទើបមានតំណាងខាងរថយន្ដមកធ្វើការសម្របសម្រួល ដោយព្រមសងថ្លៃការខូចខាតទៅឱ្យម្ចាស់ម៉ូតូចំនួន220$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង។
គួរបញ្ជាក់ថា នៅចំណុចភ្លើងស្តុបលូ៥នេះគឺបង្គោលភ្លើងស្តុបបានដាក់រួចរាល់ជាយូរមកហើយ តែពុំមានភ្លើងសញ្ញាណាមួយលោតជាសញ្ញាដើម្បីឱ្យអ្នកធ្វើដំណើរឆ្លងកាត់បានឃើញនោះទេ៕
