ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនម្នាក់ដកហូត ថ្នាំញៀន២កញ្ចប់ធំកាំភ្លើងខ្លីជ័រមួយដើមនិងវត្ថុតាងមួយចំនួនទៀត។
ប្រត្តិបតិ្តការនេះធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក ម៉ន វុទ្ធី អធិការងប៉ូលិសខណ្ឌពោធិ៍សែនជ័យដែលដឹកនាំកម្លាំងចុះចាប់ខ្លួនជនសង្ស័យ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីករណីនេះ លោកបានដឹកនាំកម្លាំងជំនាញ សហកាជាមួយនាយប៉ុស្តិ៍ចោមចៅក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងតែម្តង។
លោកបានបន្តថា ជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ហើយកម្លាំងបានដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន២កញ្ចប់ធំ និងកាំភ្លើងជ័រមួយដើមរួមជាមួយសម្ភារៈមួយចំនួនទៀត។
ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនខ្លួនមកផ្នែកជំនាញដើម្បីកសាងសំណុំរឿង រង់ចាំថ្ងៃឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕
