adverise with khmeread 4

FFC ចេញមុខ​បំភ្លឺ​ជុំវិញ​ការ​លើកឡើងថា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មើលងាយ​ដល់​អាណាព្យាបាល​របស់​កីឡាករ​បាល់ទាត់ U16

    ​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បំភ្លឺ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ស្តីពី​ការលើកឡើង​របស់ លោក ទៀត ចំរើន ឪពុក​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​U16 ទៀត គីមហេង ដែលថា​«​ប្រសាសន៍​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់ នៅក្នុង​ពិធីជប់លៀង​ក្រុម​U16 កាលពី​ចុង​សប្តាហ៍​មុន ជាការ​មើលងាយ​ដល់​អាណាព្យាបាល​របស់​កីឡាករ ដែល​ខ្វះ​លទ្ធភាព​ក្នុងការ​រៀនសូត្រ​»​។​

​    ​លោក ម៉ៃ តុលា អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ជា​ក់ថា កាលពី​យប់​ថ្ងៃ​សុក្រ សប្តាហ៍​មុននេះ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​កោះហៅ​អាណាព្យាបាល និង​ក្រុម​កីឡាករ U16 កម្ពុជា​ទាំងអស់ ដើម្បី​ញ៉ាំ​អាហារ​សាមគ្គី​ជុំគ្នា​ដោយ​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សំណេះសំណាល និង​បាន​លើក​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា បូករួម​ទាំង​ការបណ្ដុះបណ្ដាល​ថ្នាល​យុវជន​ផងដែរ​។

​    ​ក្នុងនោះ​លោក​ប្រធាន​បាន​លើកឡើងថា «​មាន​កីឡាករ​ខ្លះ​ខ្វះ​លទ្ធភាព ក្នុងការ​សិក្សា ហើយ​ពួកគេ​ខ្លះ​មកពី​បណ្តា​ខេត្ត​នានា​ហើយ​បានមក​រៀនសូត្រ និង​ហ្វឹកហាត់​បាល់ទាត់ ក្នុង​ក្រុម​ជម្រើសជាតិ ថ្នាល​នៅ​មជ្ឈមណ្ឌល​ទន្លេបាទី​»​។

​    ​ជាមួយនឹង​ការលើក ឡើង​នេះ ត្រូវបាន​លោក ទៀត ចំរើន បាន​សរសេរ​សារ​នៅលើ​គេហទំព័រ​ទំនាក់ទំនង ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់ថា លោក​សៅ សុខា មើលងាយ​ឪពុកម្ដាយ​កីឡាករ ដែល​គ្មាន​ប្រាក់​មក​ចិញ្ចឹម​កូន​ឱ្យបាន​រៀនសូត្រ និង​ចំណុច​មួយទៀត គឺ​និយាយថា​ក្រុម​រដ្ឋបាល​កំពុងតែ​កេងប្រវ័ញ្ច​ញើស​ឈាម​ក្រុម​កីឡាករ U16 កម្ពុជា​។​

​    ​ទាក់ទង​នឹង​បញ្ហា​នេះ លោក គល់ សុ​ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បកស្រាយ​ថា នៅពេល​លោក សៅ សុខា មានប្រសាសន៍​នោះ គឺ​មិនមែន​សំដៅ​ទៅលើ​ការ​មើលងាយ​ដល់​ក្រុមគ្រួសារ​កីឡាករ​នោះទេ​។ ដោយ​លោក​គ្រាន់តែ​ចង់​បញ្ជាក់ថា​សហព័ន្ធ​បាន​ជួយ​ដល់​កីឡាករ​ក្មេងៗ​នេះ បាន​ទាំង​ផ្ដល់​កន្លែង​រៀនសូត្រ និង​ពង្រឹង​បន្ថែម​ទៅលើ​មុខវិជ្ជា​ណា ដែល​ពួកគេ​មិនចេះ​ថែមទៀត​។

 

​    ​នេះ​អាច​បញ្ជាក់ថា​សហព័ន្ធ​យកចិត្តទុកដាក់​ខ្លាំង​ដល់​ក្មេងៗ​នៅ​បាទី ដែល​សឹងតែ​អាណាព្យាបាល​កីឡាករ​ខ្លះ​ដែល​នៅ​ខេត្ត​ឆ្ងាយៗ​ធ្វើ​មិនបាន​។ ពាក្យ​ទាំងនេះ មិនមែន​សំដៅទៅ​មើលងាយ មើលថោក​ដល់​ក្រុមគ្រួសារ​កីឡាករ​ណា​ម្នាក់​ឡើយ​។​

​    ​ក្រោយពី​មានការ​និយាយ​វែកញែក​គ្នា និង​យល់​រៀងៗ​ខ្លួន​មក លោក ទៀត ចំរើន ក៏បាន​យល់ថា​ខ្លួន​និយាយ​លើស​បន្តិច ហើយក៏​សូមទោស​ដល់​លោក សៅ សុខា ដើម្បី​ជាការ​សម្រួល​គ្នា​វិញ ហើយ​លោក​នៅតែ​គាំទ្រ​ដល់​កូន​របស់ខ្លួន​សម្រាប់​កិច្ច​ការល្អ​ក្នុងសង្គម​ក៏ដូចជា​បាល់ទាត់​នេះ​។

​    ​ចំណែកឯ សហព័ន្ធ​ក៏បាន​យល់ព្រម ហើយ​យល់​ចំពោះ​អ្វីដែល​លោក ទៀត ចំរើន កំពុង​ធ្វើ​គឺ​ក្នុង​គោលបំណង​ចង់ឱ្យ​វិស័យ​បាល់ទាត់​កម្ពុជា​រីកចំរើន​។ ចំណែកឯ​កីឡាករ​ជម្រើសជាតិ U16 ទៀត គឺ​ម​ហេង ក៏បាន​ប្តេជ្ញាចិត្ត​ថា ខ្លួន​មិន​ខ្វល់​នឹង រឿងនេះ​ទេ ប៉ុន្តែ​គេ​នៅតែ​បន្ត​ឆន្ទៈ​មួយ​ក្នុងការ​ហ្វឹកហាត់ គឺ​ចង់​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​មួយនា​ថ្ងៃ​អនាគត​៕​

adverise with khmeread

មតិយោបល់