adverise with khmeread 1

អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ៧ រូប​ឈ្នះ​មេដាយ​ចំនួន ១៦ គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ស្គី​ទឹកកក​មិត្តភាព​អាស៊ី​

​    ​ម៉ាឡេស៊ី​៖ កីឡាករ កីឡាការិនី​ស្គី​ទឹកកក​កម្ពុជា​ចំនួន ៧ រូប​បានឈ្នះ​មេដាយ​ចំនួន ១៦ វិញ្ញាសា​ពី​ព្រឹត្តិការណ៍​កីឡា​ស្គី​ទឹកកក​មិត្តភាព​អាស៊ី ឆ្នាំ​២០១៦ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយបាន​វិលត្រឡប់​មកដល់​មាតុភូមិ​របស់ខ្លួន ជាមួយនឹង​ការទទួល​ដំណើរ​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ម្សិលមិញ​។​

​    ​លោក Ben Blandford នាយក​ប្រតិបត្តិ និង​ជា​គ្រូបង្វឹក​កីឡា​ស្គី​ទឹកកក​កម្ពុជា ដែល​ដឹកនាំ​អត្ត​ព​លិ​ក របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បានឱ្យដឹងថា អត្ត​ព​លិ​ក ៧ រូបនេះ មាន​កីឡាករ ៥ រូប និង​កីឡាការិនី ២ រូប​ដោយ​ប្រកួត​លើ ១៦ វិញ្ញាសា ហើយ​ពួកគេ​បានឈ្នះ​មេដាយ​ចំនួន ១៦ គ្រឿង ដែល​ក្នុងនោះ​មាន​មេដាយមាស​ចំនួន ១១ គ្រឿង និង​ប្រាក់​ចំនួន ៥ គ្រឿង​។​

​    ​កីឡាការិនី ឡុង ស្រី​ណេ ដែល​ដណ្តើមបាន​មេ​មាស​ចំនួន​៤​គ្រឿង និង​មេដាយប្រាក់​ចំនួន ២ បាន​សម្តែង​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រូបនាង​ពិតជា​សប្បាយរីករាយ​ជាខ្លាំង​ដែលមាន​ឱកាស​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ជាតិ ហើយ​ទទួលបាន​មេដាយ​គ្រប់​វិញ្ញាសា​ដែល​នាង​បាន​ប្រកួត​បែបនេះ​។ 

​    ​នាង​រំពឹងថា ទៅ​ថ្ងៃ​អនាគត​នាង ដណ្តើមបាន​មេដាយ​ជាច្រើន​ទៀត​ជូន​កម្ពុជា ពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ផង​នោះ​។​

    កញ្ញា ឡុង សុធាវី អគ្គលេខាធិការ សហព័ន្ធ​កីឡា​ស្គី​ទឹក​ក​កម្ពុជា​ថ្លែង​ដែរ​ថា នេះ​ជា​ជោគជ័យ​ដ៏ ធំធេង​មួយ សម្រាប់​សហព័ន្ធ​ជំនាញ​មួយ​នេះ ដែល​ស្គី​ទឹកកក​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ហើយ​ថែមទាំង​បានឈ្នះ​មេដាយ​គ្រប់​វិញ្ញាសា​ទាំងអស់​ទៀត​។​

​    ​កញ្ញា​បន្ថែមថា ការ​ឈ្នះ​មេដាយ​ទាំងនេះ​គឺ​ដោយសារ​ការព្យាយាម​តៀម​លក្ខណៈ​បានល្អ​ក្នុងការ​ចូលរួម​ប្រកួត និង​ការជួយ ជ្រោមជ្រែង​លើកទឹកចិត្ត​ពី​សំណាក់​អាណាព្យាបាល​របស់​កីឡាករ​កីឡាការិនី​ផ្ទាល់​ផងដែរ​។​

​    ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ស្គី​ទឹកកក​មិត្តភាព​អាស៊ី​ឆ្នាំ ២០១៦ នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ បានចាប់ផ្តើម​ប្រកួត​ពី​ថៃ្ង​ទី ៧ ដល់ទី ១៤ ខែសីហា ដោយមាន​ប្រទេស​ចូលរួម ១៣ ប្រទេស ហើយ​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​មាន​ជាង ១០០ វិញ្ញាសា​៕​

adverise with khmeread

មតិយោបល់