ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកណៃហតស្លាកលេខ ខ.ម មួយគ្រឿង ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ហើយបើកក្នុងល្បឿនលឿន ជ្រុលបុកពំនូកថ្មដែលគេទុកចោលនៅតាមផ្លូវ បណ្តាលឱ្យដួលបោកខ្លួនពីរបីត្រឡប់ រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង ត្រូវបញ្ចូនទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះនៅមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយទេ តែបើតាមមើលភិនភាគសម្លៀកបំពាក់ ទំនងអាចជាកម្លាំងកងរាជអាវុធហត្ថ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើនេះជិះម៉ូតូ ម៉ាក ណៃហត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម 1-1018 ទិសដៅពីត្បូងទៅជើងតាមផ្លូវលំភូមិអង្គ ក្នុងល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ ដោយសារតែបុរស នោះគាត់ធ្លាក់ភ្នែកមើលផ្លូវមិនច្បាស់ បានទៅបុកឡើងពំនូកថ្មក្បឿង ដែលគេចាក់ចោលនៅតាមផ្លូវ បណ្តាលឱ្យមនុស្សនិងម៉ូតូហោះ បោកខ្លួនពីរបីត្រឡប់ បែកក្បាលសន្លប់ស្តូករងរបួសធ្ងន់ធ្ងរតែម្តង។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទៅមើលកន្លែងកើតហេតុ និងបានទាក់ទងទៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅព្យាបាល។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បាលចោមចៅ ដើម្បីរង់ចាំម្ចាស់ទទួលយកទៅវិញ៕
