ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនពណ៌ខ្មៅមួយគ្រឿងបានរេចង្កូតទៅបុក បុរសដើររើសអេតចាតតាមផ្លូវម្នាក់រងរបួសធ្ងន់ ហើយរថយន្តជ្រុលបុកបង្គោលភ្លើងបភ្លឺផ្លូវបណ្តាលឱ្យបាក់ទ្រេត ចំណែកអ្នកបើកបរមិនមានរបួស។
គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ២៧១ មុខសាលាវិទ្យាល័យជា ស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។
សាក្សីឃើញហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តកាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-0556 តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោង ហើយទំនងជាងងុយដេកងោកមួយភាំង រថយន្តបានរេចង្កូតមកស្តាំដៃធ្លាក់ផ្លូវជ្រុកទៅបុករទេះបុរសម្នាក់កំពុងរើសអេតចាយតាមគំនរសំរាមប៉ើងរាយប៉ាយពេញផ្លូវបណ្តាលឱ្យបុរសរើសអេតចាយ រងរបួសធ្ងន់ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ ជ្រុកទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ទ្រេតថែមទៀត។ ចំណែកឯរថយន្តវិញបែកកង់ទាំង២ និងខ្ទេចស្រុញមួយំណាត់មុខ ទើបទៅមុខលែងរួច។
បើតាមសម្តីពីបុរសបើករថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា គាត់ងងុយគេងបើកងោកមួយភាំង ព្រោះគាត់បើកបរផ្លូវឆ្ងាយទើបមកពីខេត្ត ដល់ពេលបើកភ្នែកមកវិញស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តនិងជាអ្នកបើកបរ បង្កបាននាំជនរងគ្រោះដោយដឹកតាមម៉ូតូឌុមទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រួចបានត្រឡប់មកកន្លែងកើតហេតុវិញ។ បន្ទាប់មកសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ទាក់ទងទៅជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែង ស្ទួចយករថយន្តបង្កយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា៕
