កណ្តាល ៖ លោកស្នងការប៉ូលិសខេត្តកណ្តាលមានប្រសាសន៍ថា "បើក្មួយៗស្រលាញ់វិស័យប្រដាល់ ចូរក្មួយៗ ទៅរៀនប្រដាល់ មានគ្រូបង្រៀនត្រឹមត្រូវណា ព្រោះថាប្រដាល់នៅក្នុងសង្វៀន គឺមានអាជ្ញាកណ្តាល និងមានអ្នកទស្សនាផង ហើយប្រដាល់លើសង្វៀនអត់ទោសទណ្ឌទេ... កុំរៀនប្រដាល់គ្នាយកទីធ្លាសាលារៀនជាថ្នាលបណ្តុះពុទ្ធិជាសង្វៀនអី ព្រោះថាសកម្មភាពទាំងនេះហើយឆ្លុះបញ្ចាំងឱ្យឃើញថាពួកក្មួយៗ ជាក្មេងទំនើង បង្កភាពរញ៉េរញ៉ៃដល់សង្គម អំពើនេះគឺមិនអាច ទុកឱ្យទំនើងចឹងទេគឺមានតែចាត់ការតាមនីតិវិធីច្បាប់"។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន លោកស្នងការប៉ូលិសខេត្តកណ្តាលបានើលកឡើងបែបនេះ បន្ទាប់ពីមានករណីហិង្សាដោយចេតនាកើតឡើងនាថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីព្រឹកម្សិលមិញនៅចំណុចវិទ្យាល័យជ័យវរ្ម័នទី៧ ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះមានគ្នាចំនួន០២នាក់ ១-ឈ្មោះ ធី សុផារាជ ភេទប្រុស អាយុ១៥ឆ្នាំ(ខ្មែរ) មានទំលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរសិស្ស, ២-ឈ្មោះធី សុផារ៉ាឌី ភេទប្រុសអាយុ ២១ឆ្នាំ(ខ្មែរ)មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរសិស្ស។
ចំណែកភាគីជនល្មើស៣នាក់ឃាត់ខ្លួនគឺ១-ឈ្មោះ យឹម ពុទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិពពាលខែ២ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរសិស្ស, ២-ឈ្មោះ គង់ មករា ភេទប្រុស អាយុ១៧ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរសិស្ស និង៣-ឈ្មោះ យុន វិធុន អាយុ១៨ឆ្នាំ មានទីលំនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបក្យពួកជាច្រើននាក់ទៀតមិនស្គាល់ឈ្មោះគេចខ្លួន។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពង់តែឈរជជែកគ្នានៅក្រោមដើមឈើធំមួយស្ថិតនៅក្នុងបរិវេណវិទ្យាល័យជ័យវរ្ម័នទី៧ស្រាប់តែជនល្មើសរួមនឹងបក្សពួកបានមកព្រួតគ្នាដាល់លើជនរងគ្រោះដោយដៃបណ្តាលឱ្យជនរងគ្រោះទទួលរងរបួស។ ចំណែកឯជនបង្កទាំង៣នាក់ត្រូវបានកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕
