Sergio Aguero រកបានគ្រាប់បាល់ Hat-trick ខណៈដែលក្រុមមេឃខៀវ Manchester City បានវាយសំពងយ៉ាងចាស់ដៃទៅលើម្ចាស់ផ្ទះ Steaua Bucharest ក្នុងជើងទីមួយនៃវគ្គជម្រុះ Champions League កាលពីយប់ថ្ងៃអង្គារ។
Aguero ក៏បានខកខានឱកាសស៊ុតបញ្ចូលទីបាល់ប៉េណាល់ទីចំនួនពីរគ្រាប់ផងដែរ ដែលគ្រាប់បាល់ដំបូងត្រូវជួយសង្គ្រោះបាន និងគ្រាប់ទីពីរហើរទៅលើនៅតង់ទីមួយ។
David Silva បានបើកឆាកនាំមុខជាបណ្តោះអាសន្ននៅនាទី១៣ មុនពេលដែល Aguero សម្រេចគ្រាប់បាល់ដំបូងរបស់ខ្លួនដែលធ្វើឱ្យឈានដល់លទ្ធផល ២-០ នៅតង់ទីមួយ និងបន្ថែមបានពីរគ្រាប់បន្ថែមទៀត បន្ទាប់ពី Nolito បានស៊ុតគ្រាប់បាល់ទីបីសម្រាប់មេឃខៀវនៅតង់ទីពីរ។
ជើងទីពីរក្នុងទឹកដីក្រុម Manchester City នឹងធ្វើការប្រកួតនៅថ្ងៃពុធ ទី២៤ សីហា ខាងមុខ ដែលអ្នកទទួលជ័យជម្នះនឹងមានឱកាសឆ្លងទៅវគ្គចែកពូលតែម្តង៕
